បាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិសយសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងរយៈពេល ប៉ុន្មានម៉ោងកន្លងមកនេះ មានគណនីហ្វេសប៊ុកឈ្មោះ ពលករកូរ៉េខាងត្បូង បានបង្ហោះរូបភាពជាឃ្លីបវីដេអូ បង្ហាញពីករណីហិង្សាលើក្មេងស្រីមួយរូបដែលមានរយៈពេល០៨វិនាទីដោយមានសម្លេងស្រ្តីម្នាក់សង័្សយជាម្តាយរបស់ ក្មេងស្រីរូបនោះ និងសម្លេងក្មេងស្រីតូចយំទៀតផង ។
នៅខាងលើរូបភាពម្ចាស់គណនីបានសរសេរខ្លឹមសារថា ម្តាយវាយធ្វើបាប កូនខ្លួនឯង និងបានស្នើឱ្យសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ។
តាមរយៈរូបភាពឃ្លីបវីដេអូនេះបាននាំឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនទូទៅ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ។
បានឃើញរូបភាពនេះភ្លាម លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាជាបន្ទាន់ដល់លោកស្រីឧត្តមសេនីយត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានដឹកនាំការិយាល័យជំនាញរួមសហការជាមួយអធិការនគរបាលស្រុកសំពៅលូន ដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ ធ្វើការស្រាវជ្រាវលើករណីនេះ ។
រហូតដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ សមត្ថកិច្ចនគរបាលបានស្រាវជ្រាវរកស្រ្តីដែល បានធ្វើសកម្មភាពវាយទៅលើក្មេងស្រីនោះឃើញហើយ ស្រី្តរូបនេះមានឈ្មោះ ពេជ កយ ឆ្នាំកំណើត ១១ វិច្ឆិកា ឆ្នាំ១៩៩៣ មានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលពេលនេះសមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរស្រាវជ្រាវជុំវិញករណីខាងលើនេះហើយ រីឯលទ្ធផលលំអិតចំពោះករណីនេះនឹងជម្រាបជូននៅពេលក្រោយ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងសូមបន្តចូលរួមសហការជា មួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត សូមអរគុណ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ