បាត់ដំបង៖ ថ្នាក់ដឹកនាំខេត្តបាត់ដំបងបានពង្រឹងដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឱ្យលុបបំបាត់ឱ្យអស់ រាល់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងខេត្តនិងឱ្យអ្នកមានការពាក់ព័ន្ធនឹងល្បែងស៊ីសងដកខ្លួនថយជាបន្ទាន់និងបញ្ឈប់ការពាក់ព័ន្ធជារៀងរហូត។
ឯកឧត្តមសុខលូ អភិបាលខេត្តបាត់ដំបង បានថ្លែងបែបនេះ ខណៈដែលដឹកនាំការប្រជុំដាក់ផែនការជាក់ លាក់ដើម្បីអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ទាក់ទងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទកាលពី ព្រឹកថ្ងៃអាទិត្យទី១៨ខែកញ្ញាឆ្នាំ២០២២ ។
ឯកឧត្តមសុខលូបានមានប្រសាសន៍ថា៖ សូមអ្នកពាក់ព័ន្ធទាំងអស់ដកខ្លួនថយជាបន្ទាន់ ហើយដកខ្លួន ជារៀងរហូត…មេល្បែងខុសច្បាប់គ្រប់ប្រភេទនិងកន្លែងលបលួចលេងល្បែងនានាត្រូវបញ្ឈប់ជាបន្ទាន់ ហើយអ្នកញៀនល្បែងទាំងឡាយសូមឈប់លេងទៅដើម្បីសុភមង្គលក្នុងគ្រួសារ…។
បន្ថែមពីនោះឯកឧត្តមបានឱ្យមានការបង្រ្កាបជាប្រចាំនូវបទល្មើសគ្រឿងញៀននិងបទល្មើសគ្រប់ប្រភេទផងដែរ ។
តាមរយៈសារសំឡេងកាលពីថ្ងៃសៅរ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជា យ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសង ខុសច្បាប់គ្រប់ប្រភេទ។ សម្តេចតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណា ដែលមិនទទួលខុសត្រូវលើតួនាទី បណ្តោយឱ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន៕
ប្រភព៖ ក្រសួងព័ត៌មាន