ស្ទឹងត្រែង៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅសាលាខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២២ នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានដាក់វិធានការឱ្យ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់និងអាជ្ញាធរមូលដ្ឋានបង្ក្រាបល្បែងស៊ីសងឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ទៀតថា៖យើងមិនមែនអនុវត្ត តែនៅពេលរាជរដ្ឋាភិបាលមានបទបញ្ជា នោះទេ គឺត្រូវរួមគ្នាបង្ក្រាបល្បែងស៊ីសងនេះឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យបានជាប្រចាំនៅគ្រប់មូលដ្ឋាន ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ការអនុវត្តន៍បែបនេះគីយើងធ្វើឱ្យភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះ ល្បែងស៊ីសង វាបានបង្កឱ្យមានជម្លោះអំពើហិង្សា ក្នុងគ្រួសារ និងធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ ដែលអ្នកវក់នឹងការលេងល្បែងនេះ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា៖ករណីនេះ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ សមត្ថកិច្ចគ្រប់ថ្នាក់នៅមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្ត វិធានការ បង្ក្រាប ឱ្យមានប្រសិទ្ធភាពបំផុត ។
ករណីល្បែងស៊ីសងនេះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា នៅមូលដ្ឋានណា ភូមិឃុំណា ស្រុកណា កើតមានល្បែងស៊ីសង អាជ្ញាធរមូលដ្ឋាននោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះមុខ រាជរដ្ឋាភិបាល ដូច្នេះ កម្លាំងអាជ្ញាធរមូលដ្ឋាន មិនត្រូវទុកឱ្យមានកើតឡើង នូវល្បែងស៊ីសងនេះទេ ទោះបីថាក្នុងរូបភាពណាក៏ដោយ។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ករណីនេះស្នង ការដ្ឋាន បង្កើនកម្លាំងចុះអនុវត្តបន្ថែមទៀតដើម្បីលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទកុំឱ្យកើតមាន។
លោកបន្តថា៖កន្លងមកកម្លាំងស្នងការដ្ឋានបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តបានច្រើន ករណីហើយ ដូចជាការបង្ក្រាបការប្រើប្រាស់គ្រឿងញៀន និងល្បែងបៀរ អាប៉ោង ការជល់មាន់និងក្មេងទំនើងជាដើម។
សូមបញ្ជាក់ថា៖តាមការឱ្យដឹងពីប្រជាពលរដ្ឋ ការភ្នាល់ល្បែងជល់មាន់ មានបើកលេងនៅ ភូមិសាស្ត្រចំណុច អូរពងមាន់ ក្នុងទឹកដីភូមិរាជានុកូល ក្រុងស្ទឹងត្រែង និងនៅឃុំចម្ការលើ -ឃុំអន្លង់ជ្រៃ ក្រុងស្រុកថាឡាបរិវ៉ាត់ ហើយការបង្ក្រាបរបស់សមត្ថកិច្ចកន្លងមកមិនទាន់មានប្រសិទ្ធភាពទេ៕
ប្រភព៖ ក្រសួងព័ត៌មាន