ពោធិ៍សាត់ ៖ នៅថ្ងៃទី ១៧ ខែ០៩ ឆ្នាំ២០២២ វេលាម៉ោង០៩និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១លើក លើផ្លូវជាតិលេខ៥ ចំណុចខាងលិចក្បាលស្ពានធំស្វាយដូនកែវ ចន្លោះគីឡូម៉ែត្រលេខ២១៩នឹង២២០ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កណ្តាល 1G-2424 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ដោក លេច អាយុ៤១ឆ្នាំ ភេទប្រុស រស់នៅភូមិយឿនមាន ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
លោកអធិការបន្តថា ពេលមកដល់ចំណុចខាងលើ ក៏មានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាកមិនស្គាល់ស្លាកលេខបានបើកបរក្នុងល្បឿនលឿន បុកចំពីខាងក្រោយពេញទំហឹងបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន និងអ្នករួមដំណើរឈ្មោះ ភំ ភូន អាយុ៥១ឆ្នាំ ភេទប្រុស រស់នៅភូមិយឿនមាន ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុ ភាគីរថយន្តបើកគេចទៅទិសខាងកើតបាត់ ។ ចំពោះសាកសព និងម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ