ភ្នំពេញ៖ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាបន្ទាន់មួយ ដើម្បីអនុវត្តន៍មានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯកស្នងការនគបាលរាជធានី ឯកឧត្ត មឧត្តមសេនីយ៍ឯក មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ។ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយនេះត្រូវចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានា នៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីយប់ថ្ងៃទី១៧ ខែកញ្ញានេះតទៅ។
ឯកឧត្តម ឃួង ស្រេង បានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួចហើយកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការព្រមានដកតំណែងផងដែរ ។ ឯកឧត្តមបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ក្រាបភ្លាមៗ ដោយត្រូវអនុវត្តន៍ចាប់ពីយប់នេះតទៅ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កឱ្យមានបទល្មើសលួច ឆក់ ប្លន់។ ការបង្ក្រា បល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ត្រូវតែធ្វើឡើងឱ្យដូចភ្លៀងរលឹម ។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ចាំតែជួយអន្តរាគមន៍ នៅពេលដែលយើងអនុវត្តន៍មិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាប ឬមិនបានដឹង នោះនឹងប្រឈមទៅនឹងការដកតំណែងហើយ ។
គួររំលឹកថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ តែងបានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង ១៤ បន្តបង្ក្រាបឱ្យបានដូចភ្លៀងរលឹម។
សូមបញ្ជាក់ថា សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោ នូវបានព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៊ីសង រីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន ថែមទៀតផង ៕
ប្រភព៖ ក្រសួងព័ត៌មាន