ពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្ស០១នាក់រងរបួសធ្ងន់ ០១នាក់រងរបួសស្រាល ហេតុការណ៍នេះកើតឡើង នៅចំណុចស្ពានប្រឡាយ ស្ថិតនៅភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ បេីកបរដោយឈ្មោះ ម៉ម ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរអាច់កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) ធ្វេីដំណេីរពីត្បូងទៅជេីង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់1E-3248 បេីកបរដោយឈ្មោះ លី លឹមហេង ភេទស្រី អាយុ១៤ឆ្នាំ រស់នៅព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ (រងរបួសស្រាល) ធ្វេីដំណេីរពីជេីងទៅត្បូងក្នុងដំណើរច្រាស់ទិសគ្នា ។ រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា ៖ បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន អ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន។ចំពោះម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់រង់ចាំការដោះស្រាយតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ