ពោធិ៍សាត់ ៖ បុរសញៀនថ្នាំម្នាក់ ទ្រាំលែងបាន ហ៊ានធ្វើសកម្មភាព ចូលក្នុងសាលាឆាន់ វត្តគិរីបទុម្ពពិសី ហៅវត្តអន្លង់រាប វាយទូកញ្ចក់បច្ច័យ លួចយកបច្ច័យ តែដោយត្រូវគណៈកម្មការអាចារ្យវត្ត បានដឹងផ្អើលឆោរឡោរ ជនសង្ស័យបានរត់គេចសំងំលាក់ខ្លួនបាត់ ករណីនេះកើតឡើងនៅ ចំណុចសាលាឆាន់វត្តអន្លង់រាប ស្ថិតនៅក្នុង ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៧និង៥៣នាទី ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានប្រាប់ឲ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីគណៈកម្មការអាចារ្យវត្ត គិរីបទុម្ពពិសី ហៅវត្តអន្លង់រាប អំពើករណីខាងលើកម្លាំងប៉ុស្តិ៍អន្លង់រាប និងកម្លាំងប្រជាការពារភូមិ ចុះស្រាវជ្រាវកំណត់មុខសញ្ញា ហើយធ្វើការឃាត់ខ្លួនជនសង្ស័យនៅម៉ោង ១៨និង១៦ នាទី ថ្ងៃដដែល នៅក្នុងវត្តអន្លង់រាបតែម្តង ។
លោកអធិការរងបានបន្តថា ៖ ជនសង្ស័យឈ្មោះ ឈុំ រីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពលួចពីរដងរួចមកហើយ ដោយលើកទី២ ជនសង្ស័យបានរត់ចេញពីអធិការដ្ឋានស្រុកក្នុងកំឡុងពេល ធ្វើការអប់រំរបស់សមត្ថកិច្ច ។
ចំពោះជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើតេស្តពិនិត្យទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន និងឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ