បន្ទាយមានជ័យ ៖ បុរសម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុក ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៥២ ដក ចខ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ចេញដោយ លោក អ៊ី សាវិញ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនត្រូវចាប់ខ្លួន ឈ្មោះបូ សីហា ហៅ ទល់ ភេទប្រុស អាយុ៣១ នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ការចាប់ខ្លួននេះ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៥២ ដក ចខ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ចេញដោយ លោក អ៊ី សាវិញ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្ត បន្ទាយមានជ័យ ។ ដោយជនត្រូវចោទ និងបក្ខពួកម្នាក់ទៀត ឈ្មោះ បូ ដុល្លា បានប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១២ នៅភូមិតាអុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រួចរត់គេចខ្លួនទៅរកស៊ី នៅប្រទេសថៃ ពេលត្រឡប់មកវិញ ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ។
លោកអធិការបានបញ្ជាក់ថា ឈ្មោះ បូ សីហា ហៅ ទល់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ