ចុះបង្ក្រាបទីតាំង KTV មួយកន្លែង មានលួចលាក់ផ្តល់សេវាផ្លូវភេទ

0

​កំពង់ស្ពឺ​ ៖​ ក្រោម​កិច្ច​ចង្អុល​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ នៅ​ថ្ងៃ​សុក្រ​ ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២​ កម្លាំង​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ ពី​លោក​ ចក់​ សម្បត្តិ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​សញ្ចារ​កម្ម​ នៅ​ទីតាំង​ KTV​ និង​បើក​ផ្ទះសំណាក់​ គ្មាន​យីហោ​ ស្ថិត​នៅ​ភូមិ​ទី​៤​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រភព​ច្បាស់ការ​ថា​ទីតាំង​ KTV​ នេះ​បើក​បម្រើសេវា​ច្រៀង​លេង​កំសាន្ដ​ផង​ និង​លួចលាក់​អោយ​មានការ​ផ្ដល់​សេវា​ផ្លូវភេទ​(​ពាក្យ​ច្បាប់​”​សញ្ចារ​កម្ម​”)​ ជាក់ស្ដែង​សមត្ថកិច្ច​បាន​ឃាត់​មនុស្ស​០៣​នាក់​ ដែល​ជា​អ្នក​ទទួលខុសត្រូវ​លើ​ទីតាំង​ខាងលើ​ ដើម្បី​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ។​

​តាម​ការ​បញ្ជាក់​ពី​លោកស្រី​ វរសេនីយ៍ទោ​ មួន​ មល្លិកា​ នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​ទីតាំង​ខាងលើ​០៣​នាក់​មានឈ្មោះ​ ៖​ ១-​ឈ្មោះ​ សួង​ ស្រី​អូន​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ ជា​ថៅកែ​ហាង​ ។​ ២-​ ឈ្មោះ​ ទាវ​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជា​មេការ​ និង​៣-​ឈ្មោះ​ អាន​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​ ៣៣​ឆ្នាំ​ ជា​មេការ​ ។​ ជាមួយ​គ្នា​នោះ​ បាន​រំដោះ​សង្គ្រោះ​នារី​ចំនួន​០៧​នាក់​ ក្នុង​នោះ​មាន​ក្មេង​ស្រី​ មិន​ទាន់​គ្រប់​អាយុ​(​ជា​អនីតិជន​ក្រោម​១៨​ឆ្នាំ​)​ចំនួន​០៤​នាក់​ ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​។​

​ក្រោយ​នីតិវិធី​សាកសួរ​លើ​ជនសង្ស័យ​ទាំង​៣​នាក់​ សមត្ថកិច្ច​រក​ឃើញ​តម្រុយ​ពី​ការ​ប្រព្រឹត្តិ​អោយ​មាន​អំពើ​សញ្ចារ​កម្ម​(​បម្រើសេវា​ផ្លូវភេទ​)​នៅ​ទីតាំង​ខាងលើ​ សមត្ថកិច្ច​នគរបាល​បាន​បំពេញ​នីតិវិធី​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ចាត់ការ​បន្ដ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ