ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រសិទ្ធនាមស្ពានអាកាសចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ និងវិថីកងយោធពលខេមរភូមិន្ទថា «ស្ពានអាកាសព្រះមុនីវង្ស» និង ស្ពានអាកាសចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ីថា «ស្ពានអាកាសគង់សំអុល»។ការប្រសិទ្ធនាមឈ្មោះស្ពានអាកាសខាងលើនេះ បានធ្វើឡើងខណៈ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃជាង ៤៦លានដុល្លារអាម៉េរិកនៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២២២។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាសទាំងពីរនេះ ជាស្ពានអាកាសទី៧ និងទី ៨ បន្ទាប់ពីស្ពានអាកាសចំនួន៦កន្លែង ក្នុងរាជធានីភ្នំពេញត្រូវបានកសាងឡើងនាពេលកន្លងមក។ ភ្នំពេញបានចាប់ផ្ដើមពីផ្ទៃដីចំនួន ៣០០គីឡូម៉ែត្រការ៉េ ឥឡូវភ្នំពេញបានបើកទូលាយរហូតជាង ៧០០គីឡូម៉ែត្រការ៉េ នេះជាការីកចម្រើនទាំងបែបបើកទូលាយ និងស៊ីជម្រៅ។
សម្ដេចតេជោបានលើកឡើងថា ដូច្នេះ ការរីកចម្រើនរបស់របស់ប្រទេសជាតិនាំទៅឱ្យមានការផ្លាស់ប្ដូររវាងតម្រូវការ និងការផ្គត់ផ្គង់ ដែលមុននេះតម្រូវការ និងការផ្គត់ផ្គង់ ទៅលើបញ្ហាស្បៀងអាហារ ការអប់រំ សុខាភិបាល សម្លៀកបំពាក់ ឬក៏ផ្ទះសម្បែង។ តែឥឡូវនេះបែរជាពាក់ព័ន្ធជាមួយនឹងតម្រូវការនៃការធ្វើដំណើរ ដោយមធ្យោបាយគ្រឿងយន្តជាមួយនឹងផ្លូវតូចចង្អៀត ដែលយើងចាំបាច់ត្រូវពង្រីក។ សម្ដេចតេជោបានឱ្យដឹងដែរថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺប្រើយុទ្ធសាស្ត្រយក«ស្លឹកត្នោតខ្ចប់ស្ករត្នោត» មានន័យថា យកថវិកាចំណូលពីការវិនិយោគក្នុងរាជធានី ទៅអភិវឌ្ឍន៍រាជធានីភ្នំពេញ។
សម្ដេចតេជោបន្ដថា រហូតមកដល់បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាស សរុបថវិកាជាង ២២៦លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការសិក្សារៀបចំឱ្យមានការបង្កើតក្រុងល្វាឯម ឬក្រុងស្វាយជ្រុំ ចំណុះឱ្យរដ្ឋបាលខេត្តកណ្ដាល និងបានបង្ហាញពីគម្រោងអាទិភាពសម្រាប់ការកស្ពានឆ្លងកាត់ទន្លេមេគង្គ និងទន្លេបាសាក់ ចំនួន ៣ កន្លែងទៀត ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ពីផ្សារចាស់ទៅជ្រោយចង្វារ និងបន្តទៅផ្នែកម្ខាងទៀត) ស្ពានឆ្លងកាត់ ទៅត្រើយម្ខាងទៀត ដែលត្រូវកសាងនៅម្ដុំ ក្ដីតាកុយ និងស្ពានឆ្លងកាត់ទន្លេបាសាក់នៅម្ដំព្រែកប្រា ដែលស្ពាននេះមានប្រវែង៨៤៥ម៉ែត្រ។ ស្ពាននេះ ត្រូវកសាងជា៤កន្លង (ពីរទៅពីរមក) មានតម្លៃប្រហាក់ប្រហែលជា៦០លានដុល្លារអាម៉េរិក ដែលកំពុងស្នើសុំឥណទានពីមិត្តចិន ហើយបើមិត្តចិនយល់ព្រមការដ្ឋាននេះនឹងបើកនៅឆ្នាំក្រោយ។
គួរបញ្ជាក់ដែរថា ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦ ៧៧៥ ០០០ ដុល្លាអាម៉េរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦ ៧៧៥ ០០០ដុល្លារអាម៉េរិក និងចំណាយពេលសាងសង់ ៣៦ខែ។
ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០ ០០០ ០០០ ដុល្លារអាម៉េរិក ចំណាយពេលសាងសង់១៦ខែ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ដែលបានសាងសង់រួចរាល់និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ស្ពានអាកាសរង្វង់មូលចោមចៅ និងស្ពានអាកាស លើផ្លូវជាតិលេខ៥បា នបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលកំពុងដំណើរការសាងសង់៕
ប្រភព៖ ក្រសួងព័ត៌មាន