ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៧និង២៥នាទីព្រឹក រហូតដល់ម៉ោង៥និង០០នាទីល្ងាច កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់, កម្លាំងប៉ុស្តិ៍ក្បាលត្រាច,កម្លាំងប៉ុស្តិ៍អន្លង់ត្នោត និងកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ ដឹកនាំដោយលោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនមុខសញ្ញាក្នុងករណីកាប់បំបែកកញ្ចក់រថយន្តយកទ្រព្យសម្បត្តិក្នុងរថយន្ត ដែលបានចតសម្រាកនៅពេលយប់ នៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចសាលាឃុំអន្សាចំបក់ចម្ងាយប្រហែល៥០០ម៉ែត្រ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៤និង១០នាទីទាបភ្លឺ ។
លោកវរសេនីយ៍ទោ មោក ភារម្យ បានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្សពួក០៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន ៖ ១- ឈ្មោះ សោម គឹមហួរ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ២-ឈ្មោះ នី រតនា (ចូច) ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាជនដៃដល់)។ ៣-ឈ្មោះ ហ៊ីង កុយទិទិ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាជនដៃដល់) ។ ៤- ឈ្មោះ សូត្រ ទីណា (ដូច) ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិបន្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ