ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជូន ដី ក្រួស ខ្សាច់ ដោយត្រូវគ្របឱ្យបានជិត ហើយត្រូវមានវិធានការច្បាប់ចំពោះការបំពាន។ ការដាក់បទបញ្ជារបស់សម្តេចក្រឡាហោមនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ)បានថ្លែងថា អាជ្ញាធរ ត្រូវជំរុញការបំពាក់បរិក្ខារសុវត្ថិភាពលើផ្លូវថ្នល់ ដែលរួមមាន៖ ភ្លើងស្ដុប ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវ។សម្ដេចក្រឡាហោមបានបញ្ជាក់ថា «ត្រូវធ្វើការរឹតបន្តឹងយ៉ាងម៉ឹងម៉ាត់ចំ ពោះអាជីវកម្មដឹកជញ្ចូន ដី ក្រួស ខ្សាច់ ត្រូវគ្របឱ្យបានជិត ហើយត្រូវសម្អាតផ្លូវថ្នល់ជាប្រចាំ និងត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបំពាន»។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានណែនាំដល់អាជ្ញាធរត្រូវបន្តធ្វើការគ្រប់គ្រងយានដ្ឋានកែច្នៃ កន្លែងដំឡើងយានយន្ត ពិនិត្យអំពីលិខិតស្នាមដែលច្បាប់បានកំណត់ និងធានាការកែច្នៃដំឡើងយានយន្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។ ទន្ទឹមនេះ ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបការនាំចូលរថយន្ត ចង្កូតស្តាំមកក្នុងផ្ទៃប្រទេស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោមបានជំរុញឱ្យអាជ្ញាធរ ត្រូវធ្វើការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់ ដោយទប់ស្កាត់ការសាងសង់ ឬប្រើប្រាស់ខុសច្បាប់ប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងការកសាងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
សម្ដេចក្រឡាហោមបានបញ្ជាក់បន្ថែមថា តាមការសង្កេតឃើញថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ នៅតែមានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដោយគិតជាមធ្យមក្នុង មួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៩លើក ស្លាប់ចំនួន ៥នាក់ និងរបួស ១០នាក់។
លោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២២នេះ សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុប ៨៨ ៩៣២ គ្រឿង ក្នុងនោះទោចក្រយានយន្តនិងត្រីចក្រយានយន្តជាង៧ម៉ឺនគ្រឿង ស្មើនឹង៧៩ភាគរយ និងបទល្មើសប្រើទូរសព្ទមាន១ភាគរយ ល្មើសសញ្ញាចរាចរណ៍៤ភាគរយ ល្មើសគ្មានស្លាកលេខ១ភាគរយ និងល្មើសមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ៩៤ភាគរយ។ លោកជំទាវរដ្ឋលេខាធិការបានបន្ដថា រថយន្តដែលបានត្រួតពិនិត្យក្នុងរយៈពេល៦ខែ ចំនួន ១៨ ៦៤៤ គ្រឿងវិញ រួមមានរថយន្តធុនធ្ងន់ជាង២ពាន់គ្រឿង ល្បឿន៣០ភាគរយ ល្មើសសញ្ញាចរាចរណ៍១១ភាគរយ ល្មើសប្រើទូរសព្ទ១០ភាគរយ ល្មើសគ្មានបណ្ណបើកបរ៤ភាគរយ ល្មើសគ្មានស្លាកលេខ៤ភាគរយ ល្មើសដឹកលើសចំណុះ២ភាគរយ ស្រវឹង១ភាគរយ គ្មានឆៀក១ភាគរយ គ្មានបណ្ណអាជីវកម្ម១ភាគរយ និងល្មើសមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៣៦ភាគរយ។ លោកជំទាវបានឱ្យដឹងទៀតថា បើគិតជាទឹកប្រាក់សរុបនៃការផាកពិន័យវិញ មានចំនួន ៧ ៥៦០ លាន ២៦៥ពាន់រៀល។
លោកជំទាវបានបន្ថែមទៀតថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប ១ ៦០៩ លើក ក្នុងនោះកើតឡើងពេលយប់មានដល់ទៅ៥៧ភាគរយ និងក្នុងចំណោមជនរងគ្រោះសរុប មានស្លាប់៩៤២នាក់ ស្មើនឹង៣០ភាគរយ នៃជនរងគ្រោះ អ្នករងរបួសសរុបមានជាង ២ ២០០ នាក់ ក្នុងនោះរបួសធ្ងន់ជាង ១ ០០០ នាក់។ មូលហេតុនៃគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨ភាគរយ បើកបរមិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ជែង១១ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ស្រវឹង៣ភាគរយ យានយន្ត២ភាគរយ និងងងុយគេង១ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន