គ្រាន់តែ ៧ខែ ដើមឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនី ១១៥គ្រឿង មកចុះបញ្ជីនៅក្រសួងសាធារណការ

0

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា កំណើនរថយន្តប្រើប្រាស់អគ្គិសនីគឺមានចំនួនកើនឡើង ជាក់ស្តែងក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២២នេះ រថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការគឺមានចំនួន១១៥គ្រឿង។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា “ឥឡូវនេះ រយថន្តប្រើអគ្គិសនីមានការកើនឡើងច្រើនដោយ៧ខែ ឆ្នាំ២០២២នេះ យើងបានចុះបញ្ជីចំនួន១១៥គ្រឿង ខណៈ៧ខែឆ្នាំ២០២១ យើងបាន ចុះបញ្ជីរថយន្តប្រើប្រាស់អគ្គិសនីបានតែ១១គ្រឿង។ អីចឹងមានការកើនឡើងជាង១០០គ្រឿង»។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ដថា ក្រសួងបានដាក់ដំណើរការទីតាំងបញ្ជូលថាមពលអគ្គិសនីនៅខេត្តព្រះសីហនុមួយគ្រឿង ខេត្តបាត់ដំបងមួយគ្រឿង ខេត្ដសៀមរាបមួយគ្រឿង និងនៅក្រសួងសាធារណការ និងដឹកជញ្ជូនមួយគ្រឿង ដែលទាំង នោះជាជំនួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រៅពីជំនួយរបស់អង្គការ UNDP ក្រសួងបានដាក់បន្ថែមចំនួន០៣គ្រឿងទៀតដោយប្រើប្រាស់សូឡា។ «អីចឹងនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានកន្លែងបញ្ចូលថាមពល០៤គ្រឿង ដោយអាចបញ្ចូលបានរថយន្ត០៨គ្រឿង។មួយកន្លែងអាចបញ្ចូលបានរថយន្តពីរគ្រឿង ហើយម៉ាស៊ីននេះ គឺបញ្ចូលបានលឿនដោយចំណាយពេលតែ៣០ ទៅ៤០នាទីគឺពេញ»។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា អង្គការ UNDP បានផ្តល់ជាជំនួយម៉ូតូប្រើអាគុយចំនួន៣០គ្រឿង ដើម្បីយកទៅប្រើប្រាស់ និងជួយផ្សព្វផ្សាយ ព្រមទាំងណែនាំឱ្យប្រជាពលរដ្ឋប្រើរថយន្ត ឬម៉ូតូប្រើអគ្គិសនី។ ទន្ទឹមនេះ ការប្រើប្រាស់រថយន្ត ឬម៉ូតូនេះដើម្បីចូលរួមកាត់បន្ថយការបំពុលបរិយាកាស និងមានតម្លៃថោកឆ្ងាយបើប្រៀបធៀបនឹងតម្លៃប្រេងឥន្ធនៈ។ លើសពីនេះទៀត រថយន្តអគ្គិសនីនេះ ក៏មានការបន្ថយពន្ធផងដែរ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរហូតដល់៥០ ភាគរយ លើពន្ធនាំចូលរថយន្តប្រើអគ្គិសនី។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា អង្គការ UNDP នឹងធ្វើការសហការជាមួយក្រុមហ៊ុន Foodpanda ផ្លាស់ប្តូរពីម៉ូតូប្រើប្រាស់សាំង ទៅប្រើប្រាស់ម៉ូតូប្រើអគ្គិសនី សម្រាប់ដឹកជញ្ជូនទំ និញក្នុងរាជធានីភ្នំពេញដែលការធ្វើបែបនេះដើម្បីកាត់បន្ថយការបំពុលបរិយាកាស ៕

ប្រភព៖ ក្រសួងព័ត៌មាន