ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រៃនៅតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាព្រៃអភិរក្ស ដែលជាព្រៃការពារជារៀងរហូតតទៅដោយគ្មានអ្នកណាបំផ្លាញបាន។
ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ សម្ដេចបានសម្រេចលុបចោលនូវលិខិតបទដ្ឋានទាំងអស់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភវឌ្ឍន៍នូវដីជុំវិញសួនសត្វភ្នំតាម៉ៅ បើទោះជាសួនសត្វនេះពុំមានផលប៉ះពាល់ក៏ដោយ ហើយសម្ដេចក៏បានចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយត្រូវដាំដើមឈើឡើងវិញនៅលើដីដែលបានរុករាន។ ក្នុងនោះ បើយោងទៅលើទំហំដែលត្រូវដាំឡើងវិញគឺទៅលើផ្ទៃដី៥៣០ហិកតា យើងត្រូវប្រើកម្លាំងយ៉ាងច្រើន។ សម្ដេចតេជោបន្តថា បញ្ហាមិនមានចំណោទទេទៅលើដើមឈើ ប៉ុន្តែអ្វីដែលជាបញ្ហាចំណោទគឺស្ថិតនៅត្រង់ថា ត្រូវធ្វើដីនេះឱ្យបានល្អ ដើម្បីដាំកូនឈើឡើងវិញ។ ទន្ទឹមនេះ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានលឿន និងទាន់ក្នុងរដូវភ្លៀង សម្ដេចបានចេញបទបញ្ជាឱ្យកម្លាំងអង្គរក្សជាង ១ ០០០ នាក់ ទៅធ្វើសកម្មភាពជួយឈូសឆាយដី និងដាំកូនឈើនៅក្នុងតបន់នោះ ដោយប្រើគ្រឿងចក្រចំនួន ១១៣គ្រឿង ដើម្បីធ្វើដីឱ្យបានល្អ និងដាំកូនឈើនៅទីនោះ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា រហូតមកដល់ល្ងាចនេះ គឺចំនួនដី ៥៣០ហិកតា បានធ្វើរួចរាល់ ប៉ុន្តែក៏ត្រូវការសម្អាតបន្ថែមទៀត ដែលត្រូវការពេលវេលាមួយចំនួនថែមទៀត។ ជាមួយគ្នានេះ កងអង្គរក្សជាង ១ ០០០ នាក់ បាននិងកំពុងធ្វើសកម្មភាពនៅក្នុងតំបន់នោះ បូករួមទាំងយើងត្រូវយកចិត្តទុកដាក់ទៅលើការដាំដុះ ការធ្វើដី ព្រមទាំងការត្រូវថែរក្សាកូនឈើនៅក្នុងពេលរដូវប្រាំង ដែលក្រុមហ៊ុន នឹងត្រូវទទួលបន្ទុកតាមមើលដើម្បីថែទាំ ឬក៏ជួសជុលទៅដើមឈើណាដែលត្រូវខូចខាត។
សម្ដេចតេជោគូសបញ្ជាក់ថា ក្នុងចំណុចនេះ នៅពេលដែលឃើញកងទ័ពចុះទៅកាន់តំបន់នោះ ក៏មានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួនដែលយល់មិនដល់បញ្ហា ហើយធ្វើការវិនិច្ឆ័យដោយឆាប់រហ័ស ថាដីនេះនឹងត្រូវក្លាយទៅជាដីរបស់ឯកជន។ សម្ដេចតេជោបានបញ្ជាក់សារជាថ្មីថា “តំបន់ភ្នំតាម៉ៅត្រូវតែរក្សាទុកជាព្រៃ និងដីអភិរក្ស ហើយខ្ញុំសូមស្នើឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងធ្វើតាមរបៀបព្រះរាជក្រឹត្យ ដើម្បីរក្សាតំបន់នេះឱ្យទៅជាតំបន់ព្រៃអភិរក្ស សម្រាប់ការពារជារៀងរហូតទៅ។ សម្រាប់ដីដែលដាំកូនឈើ យើងសុទ្ធតែដាំកូនឈើប្រណិតតែម្ដង”។ សម្ដេចតេជោបានដាក់បទបញ្ជាទៅមេបញ្ជាការអង្គរក្ស ក៏ដូចជាអ្នកដែលទទួលខុសត្រូវការងារដាំដុះនៅទីនោះ ប្រែក្លាយដីតំបន់ដែលបានឈូសឆាយនេះ ទៅជាសួនដាំដើមឈើ ឬចម្ការដាំដើមឈើ ដែលសុទ្ធតែជាឈើប្រណិត ហើយរយៈពេលមិនយូរប៉ុន្មានបងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រសើរ។
សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ប៉ុន្តែដើម្បីចៀសវាងនូវបញ្ហាភ័ន្តច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន សម្ដេចសូមបញ្ជាក់សារជាថ្មី ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រៀមព្រះរាជក្រឹត្យ កំណត់នូវនិយាមការតំបន់ភ្នំតាម៉ៅ ដែលត្រូវជាតំបន់ការពារនេះ ចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ដែលត្រូវការពារតែម្ដង។ សម្ដេចតេជោសង្ឃឹមថា សារសំឡេងរបស់សម្ដេចនេះ នឹងពន្យល់ទៅដល់បងប្អូនជនរួមជាតិ ដើម្បីចៀសវាងការជឿទៅពួកអគតិ ដែលតែងតែយកសភាពការណ៍នេះមួលបង្កាច់។ កម្លាំងអង្គរក្សទៅទីនោះ គឺទៅដើម្បជួយដាំកូនឈើឱ្យបានឆាប់ ព្រោះបញ្ហាមិនស្ថិតទៅលើបញ្ហាខ្វះកូនឈើ ឬកម្លាំងដាំកូនឈើនោះទេ តែអ្វីដែលសំខាន់គឺត្រូវធ្វើដីនេះឱ្យបានស្អាត ដើម្បីដាំកូនឈើឱ្យបានត្រឹមត្រូវ។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ការពន្យល់នេះ នឹងបានទៅជាផលប្រយោជន៍នៃការយល់ដឹងសម្រាប់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ហើយព្រៃនៅតំបន់ភ្នំតាម៉ៅ នឹងក្លាយទៅជាព្រៃអភិរក្ស ដែលជាព្រៃការពារជារៀងរហូតតទៅ ដោយគ្មានអ្នកណាបំផ្លាញបាន៕
ប្រភព៖ ក្រសួងព័ត៌មាន