ព័ត៌មានបឋម៖ សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ ៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

0

ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងជាបឋមថា ជនសង្សយ័ចំនួន៧នាក់ពាក់ពន្ធ័នឹងអំពើជួញដូរគ្រឿងញៀនច្រើនគីឡូក្រាម ត្រូវបានបង្ក្រាបនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ។ សេចក្តីរាយការណ៏ដដែលបញ្ជាក់ថា សមត្ថកិច្ចចម្រុះគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនោះចូលរួមពីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោកហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បង្ក្រាបបានក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពលើកយកគ្រឿងញៀនច្រើនគីឡូ ឡើងលើអូប័រ នៅចំណុចផែក្រោយផ្ទះវីឡាមួយកន្លែង ក្បែរផ្លូវកែងចូលទៅកោះព្រាប ក្រុងព្រះសីហនុ ហើយភ្លាមៗសមត្ថកិច្ច បានឃាត់ខ្លួនបុរសជនសង្ស័យជនជាតិចិនម្នាក់ស្នាក់នៅក្នុងផ្ទះវីឡានេះ និងបន្តតាមស្រាវជ្រាវដល់ផ្ទះល្វែងមួយកន្លែងទៀត នៅម្តុំក្រោយកាសុីណូយ៉ាព័រ តាមបណ្តោយផ្លូវសេតេ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្សយ័ចំនួន០៥នាក់ និងប្រមូលភស្តុតាងមួយចំនួនទៀតពីក្នុងផ្ទះល្វែងខាងលើ ។

សមត្ថកិច្ចឲ្យដឹងបន្ថែមថាដោយក្រុមឧក្រិដ្ឋមានគ្នាច្រើននាក់កំពុងរត់គេចខ្លួន សមត្ថកិច្ចបានដេញបង្ក្រាប និងឃាត់ខ្លួនបានបុរសជនជាតិចិនម្នាក់ទៀតដែល ព្យាយាមបើករថយន្តម៉ាកVisto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2X-8725 រត់គេចខ្លួនដល់មហាវិថីជំទាវម៉ៅ ក្បែរចំណុចខ្មែរធ្វើបាន សរុបជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានចំនួន៧នាក់(កំពុងសាកសួរសាវតានិងអត្តសញ្ញាណ) ដកហូតវត្ថុតាងគ្រឿងញៀនច្រើនគីឡូក្រាមនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ គិតមកត្រឹមរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចប្រាប់ជាបឋមថា មានគ្រឿងញៀនច្រើនគីឡូ ត្រូវបានរឹបអូស ប៉ុន្តែសមត្ថកិច្ចកំពុងត្រួតពិនិត្យផ្ទៀងផ្ទាត់បន្ត ដើម្បីកំណត់ពីទម្ងន់សរុប និងប្រភេទគ្រឿងញៀនអ្វីខ្លះ ជាមួយនឹងការចាត់ចែងដោះស្រាយបន្តតាមនិតិវិធី៕

ប្រភព៖ Huy Bunleng News