ចាប់​បាន​យុវជន​មួយ​ក្រុម ក្រោយ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ់​ទ្រព្យសម្បត្តិ​អ្នក​ដទៃ

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​៣០​នាទី ត្រង់​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​ជា​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ភួង ច​ន្ទ័​តារា ស្នងការ​រង​ជំនួយការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ដោយ​មានការ​សម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុ​ជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង នាយ​ការ​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា (​កាប់ និង​គប់​ម៉ូតូ​) ០១​ករណី និង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ គាវ គឹ​ម ហៃ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូ​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មក​កាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច​ក៏​ឈាន​ដល់​ការ​នាំ​ខ្លួន​ជនសង្ស័យ ចំនួន ០៤​នាក់ ទៀត​នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​១២​និង​៣០​នាទី នោះ​គឺ​៖

១.​ឈ្មោះ ឡាយ ខិត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង

២.​ឈ្មោះ វង្ស វ​ឌ្ឍ​វត្ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង

៣.​ឈ្មោះ ទី មុន្នី​ដា​វុ​ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង

៤.​ឈ្មោះ សយ វិស័យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ។

សូម​ជម្រាប​ជូន​ថា មូលហេតុ​ដែល​ឃាត់ខ្លួន​នេះ​គឺ​កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រមាណ​០២​និង​០០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង​០៥​នាក់ ខាងលើ បាន​ធ្វើ​សកម្មភាព​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ រ៉ូ​ន គឹ​ម​ហ៊ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ចំណុច​មុខ​ពេទ្យ​យា​ជី ស្ថិត​ក្នុងភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្តាល​ឱ្យ​ខូចខាត​ដោយ​អន្លើ ហើយ​នៅ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​នគរបាល និង​ឆ្លង​តាម​រយៈ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង​។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ​បាន​ធ្វើការ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ