ពោធិ៍សាត់ ៖ កាលពីថ្ងៃអាទិត្យ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី០៧ខែសីហាឆ្នាំ២០២២វេលាម៉ោង១៩និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូរេចង្កូតជ្រុលទៅបុកខឿនចែកទ្រូងផ្លូវ(ខឿនកណ្តាល)បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់០១នាក់ ស្រាល០១នាក់ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ១៥៦-១៥៧ ត្រង់ចំណុចខាងលិចសាលាឃុំអន្លង់ត្នោតចំងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខបើកបរដោយឈ្មោះ ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់(រងរបួសធ្ងន់)និងអ្នករួមដំណើរឈ្មោះ កែវ សុខសាន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា(រងរបួសស្រាល)ធ្វើចរាចរណ៍ពីលិចទៅកើត លុះជិះមកដល់កន្លែងកើតហេតុខាងលើម៉ូតូបានរេចង្កូតជ្រុលទៅបុកនិងខឿនចែកទ្រូងផ្លូវ(ខឿនកណ្តាល)យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលសន្លប់ស្ដូក។ រីឯអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយត្ន័ និងមិនពាក់មួកសុវត្តិភាព។ចំពោះម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោតជាបណ្ដោះអាសន្ន ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ