ជា​សិស្ស​ថ្នាក់​ទី​១២!! ប៉ុន្តែ​មក​ធ្វើ​សកម្មភាព​ឆក់​តាម​ដងផ្លូវ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​១៧:៣០​នាទី​ល្ងាច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆក់​កាបូបស្ពាយ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ កែង​ផ្លូវ​លេខ​៥៦៦ ក្រុម​ទី​៣៨ ភូមិ​៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​ឈ្មោះ Jung Jiyoung ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​កូរ៉េ មុខរបរ ជា​អ្នកទេសចរ​ណ៌ ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​អាគារ​Condo J-avy លេខ​៣៥ ផ្លូវ​លេខ​៣២២ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ ពៅ ឥស្សរា ហៅ រា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១២ វិទ្យាល័យ​ជា​ស៊ី​ម សន្ធរ​ម៉ុ​ក ស្នាក់​នៅផ្ទះ​១៩០ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក Honda គុប​ជ្រុង ពណ៌​ខៀវ ស៊េរី​២០០២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1ID-9268 ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់ និង​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ នៅ​ក្នុង​កាបូបស្ពាយ​មាន​ទូរស័ព្ទ​ម៉ាក Iphone 12 pro max ពណ៌​ទឹកមាស និង​លុយ​៣០០​ដុល្លារ​អា​មេ​រិច ជា របស់​ជន​រង​គ្រោះ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​តាម​ការ​ស្នើ​សុំ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នី​វិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ