មិន​ព្រម​រក​ការងារ​ធ្វើ​!! នាំ​គ្នា​មក​ទាក់​ឆ្កែ អ្នកស្រុក​លក់

0

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មាន​កិត្តិយស​សូម​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល មាន​ខ្លឹមសារ​ថា ៖ គោរព​ជម្រាបសួរ កាលពី​ម៉ោង​៣:០១​នាទី អម្បាញ់មិញ​នេះ ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក មាន​ចោរ​ទាក់​ឆ្កែ​២​ម៉ូតូ អូស​ឆ្កែ​កាត់មុខ​ផ្ទះ​ខ្ញុំ​។ ម៉ូតូ​ខាង​មុខ​អូស​ឆ្កែ​(​ឆ្កែ​ពណ៌​ត្នោត​) ម៉ូតូ​មួយទៀត​ជិះ​ពីក្រោយ ។ សូម​បង​ជួយ​ចាត់​កម្លាំង​ចុះ​អន្តរាគមន៍​រឿង​មួយ​នេះ​ផង​ព្រោះ​សកម្មភាព​បាន​ធ្វើ​ដដែល​ៗ​រាល់ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ (​សូ​ម្បី​តែ​ខ្ញុំ​ក៏​ធ្លាប់​ត្រូវ​បាន​ចោរ​ទាក់​ឆ្កែ​របស់ខ្ញុំ​ដែរ​) ។ ជា​ចុង​ក្រោយ​ខ្ញុំ​សង្ឃឹមថា​ខាង​បង នឹង​ចុះ​បេសកកម្ម​លើ​រឿង​នេះ​ឆាប់​ៗ ។ សូម​អរគុណ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​លោក​អធិការ​នគរបាល​ស្រុក​មុខកំពូល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ខាងលើ​។

ជា​លទ្ធផល ៖ ជា​រៀង​រាល់​យប់ លោក​វរសេនីយ៍ឯក ឯក លន់ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល បាន​បែងចែក​កម្លាំង​អន្តរាគមន៍​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​០៧ និង​កម្លាំង​ប្រជា​ការពារ បាន​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ​ស្រុក ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើត​មាន​ក្នុងភូមិ​សាស្ត្រ​ស្រុក ដូច​ជា​បទល្មើស​គ្រឿងញៀន លួច ឆក់ ប្លន់ និង​ក្រុម​ជនសង្ស័យ​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​។ កន្លង​មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ប្រដេញ និង​បង្ក្រាប​ក្រុម​ជនសង្ស័យ​ដើរ​ទាក់​ឆ្កែ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក​មក​ហើយ ដោយសារ​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៦ ធំ​ទូលាយ​ធ្វើ​ឱ្យ​ជនសង្ស័យ​មានឱកាស​រត់គេច​ខ្លួន​បាន​។

រហូត​មក​ដល់​ថ្ងៃ​ទី​៣១.០៧.២០២២ វេលា​ម៉ោង​០៤.០០​នាទី កម្លាំង​អន្តរាគមន៍​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ និង​កម្លាំង​ប្រជា​ការពារ​ចេញ​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ ក៏​បាន​ជួប​ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្លូវ​កៅស៊ូ​ស្ពាន​ទី​១៣ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ ឃើញ​ដូច្នេះ​ជនសង្ស័យ​និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​គេច ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ដេញ​តាម​ហើយ​ជនសង្ស័យ​០១​នាក់ បាន​ផ្ដួល​ម៉ូតូ​រត់គេច ក្នុង​ពេល​នោះ​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ជួន លាង​ម៉េ​ង រួម​និង​វត្ថុ​តាង ចំណែក​ជនសង្ស័យ​ចំនួន ០៣​នាក់ នឹង​ម៉ូតូ​ចំនួន​០១​គ្រឿង​ទៀត បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ៖ ខ្លួន​និង​បក្ខពួក​ចំនួន​០៣​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទាក់​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក មុខសញ្ញា​ដែល​រត់គេច​ខ្លួន​កម្លាំង​ជំនាញ​ពាក់ព័ន្ធ បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាត់ការ​តាម​នីតិវិធី ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ