បំបែកសំបុក​ក្រុម​កាប់​ប្លន់​យក​ម៉ូតូ ដកហូត​ម៉ូតូ​បាន ៦​គ្រឿង

0

កណ្ដាល ៖ ដោយ​មានការ​ច​ង្អុ​រ​បង្ហាញ​ពី លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង បើក​ប្រតិបត្តិការ​បង្ក្រាប​សំបុក​ក្រុម​ប្លន់​កាប់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​គ្នា​ចំនួន​៥​នាក់ ដកហូត​ម៉ូតូ​ចំនួន​៥​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ករណី​បង្ក្រាប​ស្រាវជ្រាវ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០៥​និង​៥០​នាទី នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២១ ភូមិ​ផ្លូវបំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​០២​នាក់ ទី​១. ឈ្មោះ សិច ប៊ុ​ន​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល និង​២.​ឈ្មោះ ឡុ​ច ផល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​បាន​មាន​ចំនួន ៥​នាក់ ៖ ទី​១.​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ចំនួន ០១​លើក រយៈពេល ០២​ឆ្នាំ ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​ម៉ូតូ​) កាលពី​ឆ្នាំ​២០១៨)(​ឃាត់ខ្លួន​) ។ ២. ឈ្មោះ ឡុ​ង ច័ន្ទ​បូរ​ឬ​ទ្ធិ ហៅ ជុក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។​(​ឃាត់ខ្លួន​) ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ ៣. ឈ្មោះ ខុន សឹង​ហាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល​(​ឃាត់ខ្លួន​) ។ ៤. ឈ្មោះ នី សុខ​ឡៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្ដាល​(​ឃាត់ខ្លួន​) ។ ៥.​ឈ្មោះ ធឿ​ន លី​ន ភេទ ប្រុស​អាយុ ១៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​.​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល​(​ឃាត់ខ្លួន​) ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ម៉ូតូ ចំនួន ០៦​គ្រឿង ១.​ម៉ាក​HONDA C125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ២. ម៉ាក HONDA ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ កណ្ដាល 1JF.1563 (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​) ៣. ម៉ាក HONDA C125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ (​ជា​របស់​ជន​រង​គ្រោះ​) ៤. ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JQ.7844 (​ជា​របស់​ជន​រង​គ្រោះ​) ៥.​ម៉ាក​HONDA C125 ៦.​ម៉ាក​HONDA C125 ពណ៌​ខ្មៅ (​របស់​ជន​រង​គ្រោះ​) រួម​នឹង​ឧបករណ៍ សម្ភារៈ​មួយ​ចំនួន​ទៀត ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ពី​ភ្នំពេញ​ទៅ​ផ្ទះ​នៅ​ឃុំ​ព្រែក​អំបិល ។ លុះ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន ០៣​នាក់ (១.​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង ២.​ឈ្មោះ ឡុ​ង ច័ន្ទ​បូរ​ឬ​ទ្ធិ និង ៣.​មិន​ស្គាល់​អត្តសញ្ញាណ​) បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់ ដេញ​តាម​ជន​រង​គ្រោះ ហើយ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល រួច​ជន​ស​ង្ស​យ័​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង ព្យាយាម​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន ។ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ស្រែ​ថា​ចោរ​ៗ ក៏​ត្រូវ​បាន​ឈ្មោះ ហ៊ សុខ​ម៉ិ​ញ នៅ​ក្បែរ​នោះ​រត់​ជួយ​ដេញចាប់​ឃាត់ខ្លួន​បាន​ជន​ស​ង្យ័​យ​ឈ្មោះ ឡុ​ង ច​ន្ទ័​បូរ​ឬ​ទ្ធិ ចំណែក​ជន​ស​ង្ស​យ័​ឈ្មោះ បុរី គឹ​ម​ហំ ហៅ ហុង រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​បាន រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

លុះ​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ធ្វើការ​សាកសួរ រហូត​បន្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​បន្ថែម​ទៀត ដែល​ជា​បក្ខពួក​នឹង​គ្នា​មាន ១.​ឈ្មោះ ខុន សឹង​ហាក់ ،២.​ឈ្មោះ នី សុខ​ឡៃ ៣.​ឈ្មោះ ធឿ​ន លី​ន មក​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​និង​បក្ខពួក​ខាងលើ ធ្លាប់​ធ្វើ​សកម្មភាព​ធាក់ វ៉ៃ​ប្លន់​យក​ម៉ូតូ​នៅ​តាម​ផ្លូវ ចំនួន​២៥​លើក​មក​ហើយ ៖ នៅ​ស្រុក​ស្អាង​,​ស្រុក​កោះធំ​, ស្រុក​គៀនស្វាយ ក្រុង​តា​ខ្មៅ ។ បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ