ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកឡើងវិញនូវអ្វីដែលសម្ដេច ធ្លាប់បានគូសបញ្ជាក់ អំពីការងារកំណែទម្រង់នគរបាលជាតិ ដូចជាការជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ការបណ្ដុះបណ្ដាលនិងបញ្ចូលក្របខណ្ឌ ការតែងតាំងនិងប្រគល់ភារកិច្ច រួមទាំងការតម្លើងស័ក្ដិនិងការដាក់វិន័យជាដើម។ សម្ដេច បន្តថា ការបណ្ដុះបណ្ដាលសម្រាប់ថ្នាក់ដឹកនាំមន្ត្រីនគរបាលដូចដែលទើបតែបញ្ចប់នេះ ត្រូវតែបន្តដំណើរការទៅមុខទៀត ពីព្រោះគ្មានជម្រើសអ្វីក្រៅពីការរៀនសូត្រនោះទេ។ ពាក់ព័ន្ធនឹងភាពចាំបាច់នៃការឆ្លងកាត់ការបណ្ដុះបណ្ដាលនេះដែរ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនេះ ម្យ៉ាងគឺដើម្បីមុខមាត់យើងម្នាក់ៗកុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលិស ដែលអាចធ្វើឱ្យបាត់តម្លៃ និងកិត្តិយស ហើយថា ការបណ្ដុះបណ្ដាលនេះ ក៏ដើម្បីជាគម្រូសម្រាប់កូនចៅជាមន្ត្រីនគរបាល។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនេះ គឺជាការឆ្លើយតបតាមគោលការណ៍ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិយើង ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌។ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើសិក្ខាកាមបន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះទៅ ក៏មិនមែនមានន័យថា បានរៀនហើយក៏ចប់ដែរ ប៉ុន្តែត្រូវរៀនបន្តដោយរៀនលើការងារជាក់ស្ដែង ទោះជាធ្លាប់បានធ្វើការងារជាក់ស្ដែងហើយក៏ដោយ តែក្រោយពីរៀននេះទៀត មន្ត្រីម្នាក់ៗ ក៏អាចមានគំនិតថ្មីៗ លើការបន្តការងារជាក់ស្ដែងថែមទៀតដែរ។ សម្ដេច បន្ថែមថា ការរៀនសូត្រចប់សព្វគ្រប់នេះ ក៏មិនមែនមានន័យថា ត្រូវតែទទួលបានការតាំងឬឋានៈនោះដែរ ប៉ុន្តែគឺអាស្រ័យទៅលើការអនុវត្តការងារ សីលធម៌ គុណធម៌ កិត្តិយស។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរនិងអរគុណបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋាននានា អង្គភាព មន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យទទួលបានជោគជ័យ បន្ថែមលើអ្វីដែលបណ្ឌិត្យសភានគរបាល បានធ្វើជាច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលជាតិ ដើម្បីធានាដល់កិច្ចប្រតិបត្តិការនិងការបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរជូនជាតិ និងប្រជាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នេះជាការអនុវត្តតាមកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ពិសេសស្របតាមការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ចំពោះថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងនឹងជំនាញនគរបាល។ ឯកឧត្តម ឱ្យដឹងទៀតថា សិក្ខាកាមទាំង២វគ្គនេះ បានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន១១៩នាក់ ស្រី២នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្តថា វគ្គបណ្ដុះបណ្ដាលនេះ បានតម្រង់ទិសសិក្ខាកាមឱ្យទទួលបានចំណេះដឹង និងជំនាញវិជ្ជាជីវៈក្នុងការបំពេញតួនាទីជាថ្នាក់ដឹកនាំ ទាំងលើជំនាញដឹកនាំ បញ្ជា សន្តិសុខ គ្រប់គ្រងកងកម្លាំង ថ្លែងសុន្ទរកថា ដឹកនាំកិច្ចប្រជុំ ធ្វើជំនួយស្មារតី ការងារពិធីការ ការគោរពគំនាប់ និងរបៀបបំពេញការងារ និងការអប់រំឱ្យមានអត្តចរិតល្អ អត់ធ្មត់ ស្មោះត្រង់ ក្លាហានមុះមត់ គោរពវិន័យ ច្បាប់ ឋានានុក្រម ការចេះធ្វើការងារជាក្រុម និងការងារទំនាក់ទំនងជាអន្តរបុគ្គល។
ពីវេទិការអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្ថានការណ៍ពិភពលោក ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បទល្មើសសម្អាតប្រាក់ និងអំពើជួញដូរមនុស្ស កិច្ចសហប្រតិបត្តិការប្រគល់និងទទួលពលរដ្ឋខ្មែរដែលបញ្ជូនមកពីអាមេរិក ការគ្រប់គ្រងជនបរទេសនៅកម្ពុជា និងការងារមួយចំនួនពាក់ព័ន្ធដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ការទទួលធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២នេះ និងការឈានទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ