យុវតី លឹ​ម ឈី​ង​អ៊ី ដែល​ជា​ម្ចាស់​មេដាយ​ចំនួន ៦ ផ្នែក​គណិត​វិទ្យា បាន​ចែករំលែក​បទ​ពិសោធន៍ ដើម្បី​រៀន​អោយ​ពូកែ

0

ភ្នំពេញ​៖ យុវតី លឹ​ម ឈី​ង​អ៊ី​ដែល​ទទួល​បាន​មេដាយ​ចំនួន​៦​ផ្នែក​គណិត​វិទ្យា បាន​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​សិក្សា​ផ្នែក «​គណិត​វិទ្យា​» ដើម្បី​រៀន​ឱ្យ​ពូកែ បង្កើត​អ្វី​ៗ​ថ្មី ចូលរួម​អភិ​ឌ្ឍ​ន៍​សង្គម​។

យុវតី លឹ​ម ឈី​ង​អ៊ី អាយុ ១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក បានឱ្យ​ដឹង​ថា ការ ដែល​ខ្លួន​ចូល​ចិត្ត​ផ្នែក​វិទ្យា សាស្ត្រ​ដោយសារ​តែ​នៅ​ក្នុង​សង្គម​ជាក់ស្ដែង​ផ្ទាល់​គឺ​ការ​អភិវឌ្ឍ​អ្វីមួយ​គឺ​ត្រូវការ​វិទ្យា សាស្ត្រ ដូច​ការ​សាងសង់​ផ្លូវ ផ្ទះ អគារ​ធំ​ៗ ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដូច​ជា​ម៉ាស៊ីនត្រជាក់ យានយន្ត ជាដើម គឺ​សុទ្ធតែ​ត្រូវការ​វិទ្យាសាស្ត្រ ដើម្បី​អភិវឌ្ឍ​ប្រទេស​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។ យុវតី​រូប​នេះ បាន​បន្ដ​ថា នាង​មាន​អារម្មណ៍​រំភើប​និង​មាន​មោទនភាព ដោយ​មិន​ដែល​គិត​ថា ខ្លួនឯង​អាច​ធ្វើ​បាន​ទទួល​បាន​មេដាយ​ចំនួន​៦ ព្រោះ​កាលពី​ចូលរួម​ប្រកួត​ដំបូង​មាន​អារម្មណ៍​ភ័យ ពីព្រោះ​វា​ជា​លើក​ដំបូង ដោយ​មាន​បញ្ហា​ពាក្យ​បច្ចេកទេស ព្រោះ​លំ​ហាត់​បែប​អន្តរជាតិ​ជា​ភាសា​អង់គ្លេស​ដែល​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ការ​យល់ និង​បញ្ហា​មួយទៀត គឺ​លំ​ហាត់​ពិបាក​ៗ​មិន​ដូច​លំ​ហាត់រៀន​នៅ​ក្នុង​សាលា ដូចនេះ​ត្រូវ​បន្ថែម​ការ​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​តាម google youtube ជាដើម​។

«​តាម​បទ​ពិសោធន៍​របស់ខ្ញុំ បើសិនជា​ចង់​រៀន​គណិត​វិទ្យា​ល្អ ដំបូង​យើង​ត្រូវ​រៀន​មេរៀន​ឱ្យ​ច្បាស់​សិន រៀន​ឱ្យ​ដឹង​ថា មេរៀន​ហ្នឹង​គេ​ចង់​រៀន​ពី​អ្វី ហើយ​នៅ​ពេល​ដែល​គេ​រៀន​នៅ​ហ្នឹងហើយ​តើ​គេ​មាន​គោលបំណង​អ្វី គេ​យក​មេរៀន​ហ្នឹង​ទៅ​អនុវត្តន៍​ម៉េច​ខ្លះ​នៅ​ក្នុង​ជីវភាព​រស់នៅ ហើយ​ចាប់ផ្ដើម​យើង​ចូល​រៀន​ទៅ​លើ​មេរៀន​នោះ​ឱ្យ​បាន​ល្អិតល្អន់​១០០​ភាគរយ​តែ​ម្ដង ។ យើង​ត្រូវការ​ការ​ស្រាវជ្រាវ​បន្ថែម​នៅផ្ទះ​ខ្លួនឯង​មិន​ថា​រៀន​តែ​ជាមួយ​គ្រូ​ទេ យើង​ត្រូវ ការ​ស្រាវជ្រាវ​ខ្លួនឯង ហើយ​ក៏​យើង​យក​លំ​ហាត់​ថ្មី​ៗ​មក​អនុវត្ត​ហើយ​មួយទៀត​គឺ​អនុវត្ត​លំ​ហាត់​ជា​ប្រចាំ​មិន​ឱ្យ​បាត់​មួយ​ថ្ងៃ​ណា​ទេ គឺ​អង្គុយ​អនុវត្ត​រហូត លំ​ហាត់​ស្រាវជ្រាវ​គ្រប់​មាន​តាំងពី youtube google មិត្ត​ភ​ក្កិ គ្រូបង្រៀន ផ្សេង​ៗ​ទៀត​»​។

យុវតី លឹ​ម ឈី​ង​អ៊ី បានឱ្យ​ដឹង​ទៀត​ថា មក​ដល់​បច្ចុប្បន្ន​នាង​បាន​ទទួល​មេដាយ​ចំនួន ៦ ពី​ការ​ប្រកួតប្រជែង​ផ្នែក​គណិត​វិទ្យា ក្នុង​នោះ​មេដាយ មាស​ចំនួន​៤ និង​មេដាយ​ប្រាក់​២ ហើយ​ទៅ​ថ្ងៃ​អនាគត​នាង​នឹង​យកមុខ​វិជ្ជា​គណិត វិទ្យា​នេះ ដើម្បី​ទៅ​បង្កើត​ជា​របស់​ថ្មី សាង​ស្នាដៃ​ថ្មី​ៗ បង្កើត​ទ្រឹស្ដី​ថ្មី​ៗ រក​របប​គំហើញ ដើម្បី​អាច​ផលិត​បាន​នូវ​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ជួយ​ដល់​សង្គម​ជាតិ​ទាំងមូល​៕

ប្រភព៖ ក្រសួងព័ត៌មាន