សៀមរាប៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្រោយមានបុរសជានជាតិម៉ុងហ្គោលលីម្នាក់ បានលង់ទឹកស្លាប់នៅចំនុចទឹកធ្លាក់ជាន់ទីបី លើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះ GANZORIG MYAGMARDORJ អាយុ ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E 2778114។
ក្នុងនោះលោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានបញ្ជាក់អោយដឹងថានៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានមកលេងទឹកធ្លាក់នៅព្រះអង្គធំជាមួយមិត្តភ័ក្ត្រម្នាក់ទៀត ដោយបានជួល Pass App របស់ឈ្មោះ រឿន រ៉ា។ ពេលមកដល់ចំណុចទឹកធ្លាក់ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះឃើញមិត្តស្រីលង់ទឹកក៏បានទៅជួយមិត្តភិក្ដនោះ យកមកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្ម តែដោយសារផ្ទាំងថ្មស្លែកាន់រអិលធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក ចំណែកអ្នកបើក Pass App ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរ ហើយក៏បានស្រែកឲ្យភ្ញៀវទេសចរដ៏ទៃទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ លុះដល់វេលាម៉ោង១៖១៥នាទីតសៀល ទើបរាវរកសពជនរងគ្រោះឃើញ ហើយក៏លើកសពស្រង់មកដាក់លើគោក បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំបានរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចុះពិនិត្យសាកសពនិងររៀបចំតាមនិតិវិធី៕