អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជា មួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀន ខេត្តព្រះសីហនុ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ” ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌ ” និងដុតបំផ្លាញចោលនូវវត្ថុតាងជាគ្រឿងញៀនជិត៦០គីឡូក្រាម។ ពិធីនេះ បានធ្វើឡើង នាព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅភូមិ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ព្រមទាំង លេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ កំពត និងខេត្តកំពង់ស្ពឺ និងប្រតិភូ ស្ថាប័នសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ។
ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុបានឲ្យដឹងថា វត្ថុតាងគ្រឿងញៀនដែលបានបង្កភាពមហន្តរាយដល់អ្នកប្រើ ក្រុមគ្រួសាេ និងសហគមន៍ មានជិត៦០គីឡូក្រាម ក្នុងនោះ ខេត្តព្រះសីហនុ មានជាង២០គីឡូក្រាម, ខេត្តកំពង់ស្ពឺ ជាង៣១ គីឡូក្រាម និងខេត្តកំពតជាង០៥គីឡូក្រាម ត្រូវបានដុតបំផ្លាញ។
ឯកឧត្តម គួច ចំរើន បានអានសារលិខិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់ យក នូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើ គ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវ ទទួលបានការយកចិត្តទុកដាក់ ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួល នូវការចោទប្រកាន់តាមផ្លូវច្បាប់។ ឯកឧត្តមអភិបាលខេត្តបន្តថា ស្របតាមប្រធានបទប្រចាំឆ្នាំ របស់ អង្គការយូ អ៊ិន អូ ឌី ស៊ី (UNODC) ដោយឈរលើគោលការណ៍ សុខភាព និង មនុស្សធម៌ ជា មូលដ្ឋាន បើទោះបី ស្ថិត ក្នុង កាលៈ ទេសៈ លំបាក និងប្រឈមយ៉ាងណាក្តី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងថា គ្រឿងញៀន នៅតែជាបញ្ហាដែលតម្រូវឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តត្រូវបន្តអនុវត្តន៍នូវយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី័៧។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញដល់គ្រប់មន្ទីរ អង្គភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្ត ន៍ឱ្យ កាន់ តែ មាន ប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការផ្សព្វ ផ្សាយអប់រំ បង្ការ ទប់ស្កាត់តាមគ្រប់មធ្យោ បាយ បង្ក្រាប និង ដោះស្រាយនូវរាល់បញ្ហាដែលមានការ ពាក់ព័ន្ធនឹង គ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ នៅ តាម ក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ និង មានប្រសិទ្ធភាព ខ្ពស់ ដើម្បីទប់ស្កាត់ បាន រាល់ ការ លួច បង្វែរពី ជំនួញស្របច្បាប់ យកទៅ កែច្នៃ ផលិត គ្រឿង ញៀន ខុសច្បាប់នៅ ក្នុង ប្រទេស កម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន