កំពង់ស្ពឺ ៖ រថយន្តធុនធ្ងន់១គ្រឿង បានប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាកម៉ាស្តា(MAZDA) ២បាំង បណ្តាលឲ្យមនុស្ស៧នាក់បានរងរបួសធ្ងន់ស្រាល ដែលករណីនេះកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៦-១០៧ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-4182 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ 3A-4182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួនក្រោយកើតហេតុ) ធ្វើដំណើរពីកើតទៅលិច ។ លុះដល់ចំណុចខាងលើ បានរេចង្កូតចូលចំណែកផ្លូវខាងឆ្វេងជ្រុលបុកជាមួយរថយន្តមួយគ្រឿងម៉ាក MASDA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-1558 កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ហួន ភារៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
មានអ្នករួមដំណើរចំនួន០៦នាក់មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះសុខា សុថាវីន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ត្រូវជាប្រពន្ធ) ២-ឈ្មោះខេង ម៉ាលីន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ត្រូវជាមិត្តភក្តិ) ៣-ឈ្មោះហេង នីវ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ត្រូវជាកម្មករ) ៤-ឈ្មោះតាំងម៉ូរ៉ូកតពេជ្រ ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ត្រូវជាកូន) ៥-ឈ្មោះ សុផា បុត្រដួងច័ន្ទ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (ត្រូវជាក្មួយ) ៦-ឈ្មោះ ប៉ា ស៊ីពិច ភេទប្រុស អាយុ២១ឆ្នាំ (ជនជាតិ SINGARPORE) ស្នាក់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងហេតុការណ៍នេះធ្វើឲ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ស្រាល ។ រីឯមនុស្សចំនួន០៧នាក់ (ស្រី០៤នាក់) បានរងរបួសធ្ងន់០៣នាក់ (ប្រុស១នាក់) ត្រូវបានរថយន្តសង្គ្រោះពេទ្យ ផេង សុភ័ត្ត្រា ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ។ ចំពោះរថយន្តទាំងពីរ យករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំកាដោះស្រាយតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ