ដើរ​សុខ​ៗ ត្រូវ​​ស្លាប់​ដោយ​មិនដឹង​ខ្លួន ព្រោះតែ

0

ពោធិ៍សាត់ ៖ លោកយាយ​ម្នាក់​ដើរ​លើ​ដងផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ ករណី​នេះ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១៨-២១៩ ស្ថិត​នៅ​ភូមិ​ស្វាយស ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​៨​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ វេលា​យប់​រំលង​អធ្រាត្រ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​០១​គ្រឿង​(​មិន​ស្គាល់​ម៉ាក​) បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ចំ​លោកយាយ​ម្នាក់​ដែល​កំពុង​ដើរ​លើ​ដងផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

ជន​រង​គ្រោះ​ឈ្មោះ ចាន់ ប៉ុ​ច អាយុ​៩៦​ឆ្នាំ ភេទ​ស្រី មាន​ទីលំនៅ​ភូមិ​ព្រៃ​យាង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ បន្ទាប់​ពី​កើតហេតុ ភាគី​រថយន្ត​បាន​បាន​បើក​រត់គេច​ខ្លួន​បាត់ ។ ចំពោះ​សាកសព​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​បងប្អូន​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​វរសេនីយ៍ឯក នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​វាស់វែង​រួច​ហើយ​បាន​សន្និដ្ឋាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​កត្តា​ល្បឿន អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ដោយ​ស្ត្រី​វ័យ​ចំណាស់​មាន​ស្មារតី​វង្វេង​ដើរ​ចេញពីផ្ទះ​ផង​ដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ