ថ្លើមធំ​ណាស់​!! សូ​ម្បី​រថយន្ត​របស់​វត្ត ក៏​លួច​យក​ទៅ​លក់​ដែរ

0

បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សក​កម្ម​ភាព​លួច​រថយន្ត​របស់​វត្ត​យក​ទៅ​លក់ ហើយ​បាន​ជួបនឹង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ល្បាត​នៅ​ពេល​យប់​មានការ​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ចំណុច​អង់​តែ​ន​ក្រុមហ៊ុន​មិត្ត​ហ្វូង​ផ្លូវ​ទៅ​ដើម​ក្រឡាញ់ ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ឡុ​ង សំណាង មេបញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ផាត វ៉ា​នី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​រំ​សៃ ឃុំ​ថាប់​ស្តេត ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា កម្លាំង​ប៉ុស្តិ៍​អូរ​កំបុត​ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ប៉ុក រតនា នាយ​រង​ប៉ុស្តិ៍​បាន​ធ្វើការ​ល្បាត​តាម​ផ្លូវ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ បាន​ប្រទះ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក Luxus RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-3150 ឈប់​ចត​ចោល​នៅ​លើ​បណ្តោយ​ផ្លូវ​លេខ​៥៨ ត្រង់​ចំណុច​អង់​តែ​ន​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ផ្លូវ​ទៅ​ដើម​ក្រឡាញ់ ដោយ​មាន​រយៈពេល​យូរ​ក៏​ទៅ​សួរនាំ​ម្ចាស់​រថយន្ត ក្រែង​មាន​អ្វី​អាច​ឲ្យ​ជួយ ។ ម្ចាស់​រថយន្ត​បាន​ឆ្លើយ​ថា ចង់​លក់​ឡាន​តម្លៃ​៣០០,០០០​បាត​(​បី​សែន​បាត​) ។ ឮ​ដូច្នេះ​កម្លាំង​មានការ​ស​ង្ស័​ក៏​បាន​នាំ​ខ្លួន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​វរ​សេនា​តូច​ការ​រ​ពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ករណី​ចង់​លក់​ឡាន​ទាំង​យប់​នេះ ។

លោក​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​លួច​យក​រថយន្ត​របស់​ព្រះសង្ឃ​នៅ​វត្ត​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត យក​មក​លក់ ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព និង​មាន​បទ​ប​ហ​ញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​វរ​សេនា​តូច​បាន​ឃាត់ខ្លួន​មនុស្ស​និង​រថយន្ត រួច​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ