នេះ​ជា​មូលហេតុ បណ្តាល​អោយ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​បន្ត​ធ្លាក់​ថ្លៃ

0

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ថា ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងសាំង​ក្នុង​ទីផ្សារ កម្ពុជា គឺ​ដោយសារ​ការ​ប្រែប្រួល​តម្លៃ​ប្រេង​សកល និង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ពី ប្រទេស​អ្នក​ផលិត​មានការ​កើនឡើង ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រកួតប្រជែង​សកល​មានការ​ប្រែប្រួល ចំណែក​តម្លៃ​ដើម​នៃ​ការ​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ក៏​មានការ​ថយ​ចុះ​ដែរ​។

ឯកឧត្ដម ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា នេះ​ថា ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងសាំង​នៅ​លើ​ទីផ្សារ​កម្ពុជា​នេះ គឺ​យោង​ទៅ​តាម​ការ ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ គួប​ផ្សំ​នឹង​ការ​ចូលរួម អន្តរាគមន៍​ពី​ខាង​រដ្ឋាភិបាល​ផង​ដែរ​។ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​មានការ​ចូលរួម​ចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៦.៥​សេន ដុល្លារ​ក្នុង​១​លី​ត្រ​។ ដូច្នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​ថ្ងៃ​ទី​២១ ដល់ ថ្ងៃ​ទី​៣១ ខែកក្កដា នឹង​ចុះ​មក​នៅ​ត្រឹម ៤៨០០​រៀល ក្នុង​១​លី​ត្រ សម្រាប់​សាំង​ធម្មតា និង​៥៣០០​រៀល សម្រាប់ ប្រេងម៉ាស៊ូត ពោល​គឺ​ប្រេង​ធម្មតា​ធ្លាក់​ចុះ ៤៥០​រៀល និង​ម៉ា​ស៊ូ​ត​ធ្លាក់​ចុះ ៣០០​រៀល​។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងសាំង​ក្នុង​ទីផ្សារ​កម្ពុជា សម្រាប់​ខែកក្កដា​នេះ ចាប់តាំងពី​តម្លៃ​ប្រេងសាំង​បាន​ហក់​ឡើង​ខ្ពស់ ដោយសារ​តែ​ពិភពលោក រួម​និង​កម្ពុជា​ផង បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វិ​ប​តិ្ត​សង្គ្រាម​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​៕

ប្រភព៖ ក្រសួងព័ត៌មាន