ក្រសួងពាណិជ្ជកម្ម ប្រាប់​អោយ​ប្រជាពលរដ្ឋ​កុំឱ្យ​បារម្ភ​រឿង​អង្ករ គឺ​មិន​ឡើងថ្លៃ​នោះ​ទេ

0

ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិន​ចាំបាច់​ព្រួយបារម្ភ​រឿង​អង្ករ​ឡើងថ្លៃ​ឡើយ ដោយសារ​មាន​ក្រុមហ៊ុន​នៅ​ក្នុងស្រុក​អាច​ផ្គត់​ផ្គង​តាម​តម្រូវការ​បាន​គ្រប់គ្រាន់ ដែល​អាច​ជួយ​រក្សា​តម្លៃនៅលើទីផ្សារ​ឱ្យ​នៅ​ថេរ ។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មាន ប្រសាសន៍​ថា តម្លៃ​អង្ករ​និង គ្រឿង​ឧបភោគបរិភោគ​មួយ ចំនួន គឺ​គ្មាន​ការ​ឡើងថ្លៃ​ឡើយ ដោយសារ​តែ​កម្ពុជា​មានការ​បម្រុង​ទុក​នូវ​ស្រូវ​អង្ករ​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ហើយ​កម្ពុជា​ក៏​សល់​ស្រូវ​អង្ករ​ដែល​អាច​នាំ ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ ប្រទេស​ជា​ច្រើន ជា​ពិសេស​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដែល​ជាទី​ផ្សារ​ធំ​ជាងគេ​សម្រាប់​នាំ​ចេញ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ​កន្លង​មក របស់​ក្រសួងពាណិជ្ជកម្ម​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២១​ខែកក្កដា ឆ្នាំ​២០២២ នេះ ឯកឧត្តម​បន្ត​ថា ក្រសួងពាណិជ្ជកម្ម​មាន​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ​ជា​សេនាធិការ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ស្រូវ​-​អង្ករ​និង​សន្និធិ​បម្រុង​រដ្ឋ ។ ក្រៅពី​ស្រូវ​អង្ករ​ក្រុមហ៊ុន​បាន​ទទួល​ការ​គ្រប់គ្រង​សន្និធិ​ស្បៀង​ត្រៀម​បម្រុង​យុទ្ធ សាស្ត្រ​ជា​រូប​វ័​ន្ត​បន្ថែម​របស់​រាជរដ្ឋាភិបាល​រួម​មាន មី​កញ្ចប់ ត្រីខកំប៉ុង ទឹក​សុទ្ធ ទឹកត្រី និង​ទឹកស៊ីអ៊ីវ ។

« វិស័យ​ឯកជន​ក៏​អាច​នឹង​រួមចំណែក​ជាមួយ នឹង​ក្រសួង នៅ​ក្នុង​ការ​ប្រឹង ប្រែង​កាត់​បន្ថយថ្លៃ​ដែល​ធ្វើ​ឱ្យ​ថ្លៃ​លក់​នោះ​អាច​ស្ថិត​នៅ​ក្នុង​លំដាប់​មួយ​ឬ​ក៏​កម្រិត​មួយ​ដែល​ទទួលយក​បាន​ទាំង​អ្នក​ផលិត​ទាំង​អ្នក​ប្រើប្រាស់ នេះ​ជា​អ្វី​ដែល​យើង​អាច​រួម ចំណែក​បាន​នៅ​ក្នុង​ការ​កាត់ បន្ថយ​ថ្ងៃ​ទំនិញ ហើយ​សូម ជម្រាប​ផង​ដែរ នេះ​ជា​អ្វី​ដែល​យើង​អាច​ចូលរួម​ចំណែក​បាន​នៅ​ក្នុង​ការ​កាត់​បន្ថយថ្លៃ​ទំនិញ​ហើយ​ខ្ញុំបាទ​សូម​ឆ្លៀត ឱកាស​នេះ​ជម្រាប​ផង​ដែរ​ថា ទំនិញ​ឡើងថ្លៃ​បន្តិច​មែន​តែបើ​ធៀប​នឹង​ប្រទេស​ដទៃ យើង​នៅ​ក្នុង​លំដាប់​មួយ​ដែល​យើង​អាច​ធានា​បាន​ហើយ​សូម​ជំរាប​ថា ប្រទេស​យើង​ជា​ប្រទេស​ផលិត​ស្បៀង ដូច្នេះ​ក្នុង​នាម​ជា​ប្រទេស​ផលិត​ស្បៀង​កុំ​ភ័យ​ថា​អត់​ស្បៀង​អស់ យើង​ត្រូវ​តែ​មាន​ស្បៀង​គ្រប់គ្រាន់​ពីព្រោះ​យើង​សល់​អង្ករ​នាំ​ចេញ​ទៀត ចឹ​ង​អ្វី​ដែល​យើង​ភ័យ​ខ្លាច​គឺ​អត់​មាន​កន្លែង​លក់ តែ​បើសិនជា​ត្រឹម តែ​ផ្គត់ផ្គង់​សម្រាប់​បម្រើ​ជីវ ភាព​យើង​និង​ធានា​ឱ្យ​មាន តម្លៃ​សម​ស្រប​ទៅ​តាម​យុទ្ធ សាស្ត្រ​ក្រសួង គឺ​មាន​ទំនិញ​ប្រកបដោយ​គុណភាព ទំនិញ​ប្រកបដោយ​តម្លៃ​សម​ស្រប ដែល​ប្រជាពលរដ្ឋ​អាច​ទទួល យក​បាន​» ។

ឯកឧត្តម​បន្ថែម​ថា ក្នុង​រយ​: ពេល​៥​ឆ្នាំ​កន្លង​មកនេះ ក្រុម ហ៊ុន​បាន​បញ្ចេញ​ស្តុក​ប្រើ ប្រាស់​សម្រាប់​គ្រោះ​មហន្ត រាយ​និង​ក្នុង​បរិបទ​ដែល​ជំងឺ​កូ​វី​ដ​១៩ មាន​ដូច​ជា អង្ករ​ចំនួន ១២,០០៦​តោន ទឹកបរិសុទ្ធ​ចំនួន ១៥១,៦០០​កេស មី​កញ្ចប់​ចំនួន ៤៧២,៣០០ កេស ទឹកត្រី​ចំនួន ១,៧៥២,៦០០​ដប ស្មើនឹង ២៩២,១០០​យួរ ទឹកស៊ីអ៊ីវ​ចំនួន ១,៩២០,៦០០​ដប ស្មើនឹង ៣២០,១០០​យួរ និង​ត្រីខកំប៉ុង​ចំនួន ៣៧៧,៥៣០​កេស ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​ស្តី​ពី​សហ គ្រាស​សាធារណៈ មាន​ទម្រង់​ជា​ក្រុមហ៊ុន​រដ្ឋ​នៃ​ក្រសួងពាណិជ្ជកម្ម ហើយ​ក្រុមហ៊ុន​នេះ​ស្ថិត​ក្រោម​អាណា​ព្យា បាល​ក្រសួងពាណិជ្ជកម្ម​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។ ភារកិច្ច​ចម្បង​របស់​ក្រុមហ៊ុន គឺ​គ្រប់គ្រង​សន្និធិ​ស្បៀង​បម្រុង​របស់​រាជរដ្ឋាភិបាល ដែល​ស្ថិត​ក្រោម​ប្រព័ន្ធ​ស្បៀង​បម្រុង​របស់​កម្ពុជា ដែល​ហៅ​កាត់​ថា ប​.​ស​.​ប​.​ក សម្រាប់​ប្រើប្រាស់​ក្នុង​គ្រា​មាន​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​កើតឡើង​ជាយ​ថា ហេតុ​នៅ​ក្នុង​ប្រទេស ៕

ប្រភព៖ ក្រសួងព័ត៌មាន