អស់កែ​!! ផឹកស្រា​ស្រវឹង​ខួប រករឿង​វាយដំ​ប្រពន្ធ

0

កណ្ដាល ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​និង​ផឹកស្រា​ជា​ប្រចាំ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ហិង្សារ​ដោយ​ចេតនា ក្រោយ​ពី​វាយដំ​រករឿង​ប្រពន្ធ​ញឹកញាប់​ទោះជា​សមត្ថកិច្ច​អប់រំ​ច្រើន​លើក​ច្រើន​សារ​ក៏​ដោយ​។ ករណី​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៩​និង​០០​នាទី ចំណុច​ភូមិ​ឃ្លាំងមឿង​ជើង ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ សំណាង ស្រី​និ​ត ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ (​ត្រូវជា​ប្រពន្ធ​) ។​ចំណែក​ជនសង្ស័យ​ឈ្មោះ តឿ ទី​ន ភេទ ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​ប្ដី​) ។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន និង​ផឹកស្រា​ជា​ប្រចាំ លុះ​ផឹក​ស្រវឹង​ម្ដង​ៗ ជនសង្ស័យ​តែងតែ​ឈ្លោះ ជេរ​ប្រមាថ និង​ប្រើ​អំពើ​ហិង្សា​វាយ​លើ​ជន​រង​គ្រោះ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​អំពិល ធ្វើ​កិច្ចសន្យា អប់រំ ណែនាំ ជា​ច្រើន​លើក​មក​ហើយ ។ លុះ​មក​នៅ​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១៩​និង​០០​នាទី ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង មាត់​ឡូឡារ​រករឿង​ជន​រង​គ្រោះជា​ប្រពន្ធ ហើយ​ជនសង្ស័យ​បាន​ធាក់​ជញ្ជាំង​ផ្ទះ ធ្វើ​អំពី​ស​ង្ក័​សី និង​យក​កូន​ធុង​ទឹក​គប់​ជញ្ជាំង​ផ្ទះ​ធ្វើ​ពី​ស័ង្កសី​បណ្ដាល​ឲ្យ​មាន​ស្នាម​ប៉ោង ហើយ​គំរាម​ថា ហ្ងែ​ង​ប្រយ័ត្ន​ឡានពេទ្យ​មក​ជួយ​មិន​ទាន់ រួច​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​បាន​គេច​ផុត​។ បន្ទាប់​មក​ជន​រង​គ្រោះ បាន​បង្ហោះ​សារ​ព្រមទាំង​រូបភាព​តាម​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ចាប់ខ្លួន​ជនសង្ស័យ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ។

រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អំពិល បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការ​រ​ដ្ឋា​នគរបាល​ស្រុក​ខ្សាច់កណ្តាល បន្ត​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ