ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ឆបោក

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ឆបោក ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ករណី​នេះ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ បាន​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​អចលនវត្ថុ​មួយ​កន្លែង​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ បាន​បញ្ជាក់​ថា ថ្មី​ៗ​នេះ​ខ្ញុំបាទ​ទើបតែ​ទទួល​បាន​ព័ត៌មាន និង​ឯកសារ​ថតចម្លង​ពី​បុគ្គល​ផ្សេង​ទៀត​បង្ហាញ​ថា វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​របស់ខ្ញុំ​បាទ​ត្រូវ​បាន​ផ្ទេរ​ចេញ​ទៅ​ឈ្មោះ ឈឿ​ង ច័ន្ទ​ពិសិដ្ឋ និង​ឈ្មោះ ទុំ ដា​ឡែ​ន ទៅ​វិញ ដែល​ការ​ពិត​ដី​នេះ​គឺ​ខ្ញុំបាទ​ពុំ​ធ្លាប់​ដែរ​បាន​លក់ដូរ ឬ​ធ្វើការ​ចាត់ចែង​ណាមួយ​ទៅ​ត​តី​យ​ជន​នៅឡើយ​ទេ​។

ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត​បឋម​តាម​នីតិវិធី​រួច​មក និង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ទៅ​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ឈាន​ដល់​ការ​នាំ​ខ្លួន​បុគ្គល​សង្ស័យ​ឈ្មោះ ឈឿ​ង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខៈ ៣១៧ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២៕

ប្រភព៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី