ផ្លូវ​ល្បឿន​លឿន​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ដោយ​ឥត​គិតថ្លៃ​រយៈពេល​មួយ​ខែ

0

ព្រះ​សីហ​នុ​៖ ថ្ងៃ​អង្គារ ៦​រោច ខែអាសាឍ ឆ្នាំខាល ត្រី​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្រុម​អ្នកបច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​ស៊ី​ហ​នុ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ​។
ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ថា​៖ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២​នេះ ការ​សាងសង់​ផ្លូវ​នេះ​សម្រេច​បាន​៩៥%​ហើយ​នៅ​សេសសល់​តែ​ការងារ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​ដូច​ជា​៖ ការងារ​បញ្ចប់​សំណង់ និង​សម្អាត ការងារ​ដាក់​ផ្លា​ក​សញ្ញា​ចរាចរណ៍ ការងារ​ដាំ​ដើមឈើ​នៅ​ចំណុច​ខ្លះ​សងខាង​ផ្លូវ​គាំទ្រ​ការងារ​បរិស្ថាន និង​ដើម​ផ្កា​នៅ​សួន​ទ្រូងផ្លូវ និង​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ជាដើម និង​បាន​បញ្ជាក់​ថា​៖ ផ្លូវ​នេះ​គ្រោង​នឹង​បញ្ចប់ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ផ្លូវ​នេះ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​មួយ​ខែ​។

លើស​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ថា​៖ ក្រសួង​បាន និង​កំពុង​រៀបចំ​ស្ព័ត​ណែនាំ​អំពី​ការ​ប្រើ ប្រាស់​ផ្លូវ​នេះ​ឱ្យ​មានការ​យល់​ដឹង​ច្បាស់លាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយហេតុ​ថា​ផ្លូវ​នេះ​ជា​ផ្លូវ​ល្បឿន លឿន​លើក​ដំបូង​របស់​កម្ពុជា​យើង​។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា​៖ បងប្អូន​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់​ផ្លូវ​នេះ​ត្រូវ​បើកបរ​ប្រកាន់​ស្ដាំ​ក្នុង​ករណី​ខ្លួន​មិន​ចង់​បើក​លឿន ហើយ​មិន​អាច​បត់​ត្រឡប់ ក្រោយ​បាន​ទេ លុះត្រាតែ​ធ្វើ​ដំណើរ​ចេញពី​ផ្លូវ​នៅ​ចំណុច​ប្តូរ​ទិស ទើប​អាច​បត់​ត្រឡប់​ក្រោយ​វិញ​បាន​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា​៖ ក្រោយ​ផុត​រយៈពេល​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះ អាសន្ន ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​យក​ថ្លៃ នៃ​ការ​ប្រើប្រាស់​ផ្លូវ​នេះ ដោយ​ក្នុង​នោះ​ម្ចាស់​រថយន្ត អាច​ទិញ​កាត​អេ​ឡិច​ត្រូ​និក ETC សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទូទាត់ ប្រព័ន្ធ​សេន​ស័​រ ដាក់​នៅ​ពីមុខ​រថយន្ត​របស់​ខ្លួន​ជួយ​ឱ្យ​ចំណេញ​ពេល​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​មិន​ចាំបាច់​ឈប់ ពេល​ដល់​កន្លែង​បញ្ជរ​បង់ប្រាក់ ពេល​ចាកចេញ​នៅ​កន្លែង​ប្ដូរ​ទិស ម៉ាស៊ីន​នៅ​តាម​បញ្ជរ​បង់ប្រាក់​នឹង​គិត​តម្លៃ​ធ្វើ​ដំណើរ​ដោយ​ស្វ័យប្រវត្តិ​។ អ្នក​ធ្វើ​ដំណើរ​ក​អាច​ទិញ​កាត​អេ​ឡិច​ត្រូ​និ​ច​នោះ​បាន នៅ​តាម​ធនាគារ​ដៃគូ​របស់​ក្រុមហ៊ុន​សាងសង់ ។ ក្នុង​ករណី​គ្មាន​កាត​អេ​ឡិច​ត្រូ​និក ETC បុគ្គលិក​នៅ​តាម​ច្រកចូល នឹង​ផ្តល់​កាត​មួយ​ឱ្យ​ម្ចាស់​យានយន្ត ពេល​ធ្វើ​ដំណើរ​ចាកចេញ​ច្រក​ណាមួយ​បុគ្គលិក​នៅ​តាម​បញ្ជរ​នឹង​យក​កាត​នោះ​ទៅ​ឆូត​តាម​កុំព្យូទ័រ និង​បង្ហាញ​ពី​តម្លៃ​ត្រូវ​ទូទាត់​។

ទាក់ទង​នឹង​តម្លៃ​ធ្វើ​ដំណើរ​វិញ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ថា​៖ គិត​ជា​មធ្យម​នៅ​ប្រទេស​គេ ថ្លៃ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ត្រូវ​បាន​គិត​ចំនួន​១០​សេន​ក្នុង​មួយ​គីឡូម៉ែត្រ​។ ដោយឡែក​នៅ​កម្ពុជា​វិញ ក្នុង​ឆ្នាំ​ទី​មួយ​ក្រុមហ៊ុន​នឹង​គិតថ្លៃ​ធ្វើ​ដំណើរ​ទៅ​តាម​ប្រភេទ​យានយន្ត ក្នុង​នោះ​រថយន្ត​គ្រួសារ​នឹង​ត្រូវ​គិតថ្លៃ ចំនួន​២៤​ដុល្លា​អា​មេ​រិ​ក ក្នុង​នោះ​ចំនួន​១២​ដុល្លារ​ទៅ និង​ចំនួន​១២​ដុល្លារ​មក ហើយ​នៅ​ឆ្នាំ​ទី​ពីរ​ក្រុមហ៊ុន​នឹង​ពិនិត្យ​យក​តម្លៃ​ធ្វើ​ដំណើរ​យោង​តាម​កិច្ចព្រមព្រៀង​សម្បទាន​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​សាងសង់​។

ទាក់ទង​នឹង​ការ​ប្រើប្រាស់​ល្បឿន​ធ្វើ​ដំណើរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា​៖ ក្រសួង​កំពុង​ពិចារណា​លើ​បញ្ហា​នេះ ប៉ុន្តែ​តាម​គម្រោង​អាច​បើកបរ​បាន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយសារ​ផ្លូវ​នេះ​ជា​ផ្លូវ​ល្បឿន​លឿន ប៉ុន្តែ​អ្នកបើកបរ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់ ដោយសារ​ផ្លូវ​នេះ​សភាព​ល្អ មិន​រលាក់ ជិះ​ស្រួល ភ្លេចខ្លួន​អាច​ជិះ​លើស​ល្បឿន​កំណត់​បង្ក​ជា​គ្រោះថ្នាក់​បាន​។ អ្នកបើកបរ​ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ម៉ឺងម៉ាត់​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

សូម​ជម្រាប​ជូន​ថា​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង​សរុប ១៨៧,០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន