ភ្នំពេញ ៖ រយៈពេល០៦ខែសម្រាប់ឆមាសទី១ ឆ្នាំ២០២២របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថា ជនសង្ស័យ១០១នាក់ ដែលបានធ្វើសកម្មភាពក្នុងអំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋលើផ្លូវសាធារណៈចំនួន៧៥លើក នៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញង្ក្រាបចាប់ខ្លួនយកទៅចាត់ការតាមផ្លូវរួចហើយ បន្ទាប់ពីថ្មីៗនេះជនសង្ស័យជាក្មេងទំនើង០២នាក់ទៀត ដែលបានធ្វើសកម្មភាពជិះម៉ូតូ ឆក់ទូរស័ព្ទដៃពីជនរងគ្រោះបើកម៉ូតូរ៉ឺម៉កនៅលើផ្លូវសាធារណៈ ក្នុងខណ្ឌសែន សុខ ក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញសហការជាមួយកម្លាំងតាមបណ្តាអធអធិការដ្ឋាននគរបាលខណ្ឌ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបន្ថែមទៀតដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់។ការបង្ក្រាបចាប់ខ្លួនជនសង្ស័យក្នុងអំពើឆក់ទ្រព្យសម្បត្តិសម្រេចបានលទ្ធផលខាងលើកម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៥៥ នាទី ព្រឹក ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ឌុបគ្នា ដើម្បីធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។លុះជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាស្កបភី ពណ៌ខ្មៅមកដល់ ចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឃើញជនរងគ្រោះ បើកម៉ូតូរ៉ឺម៉កហើយដាក់ទូរសព្ទ័ដៃម៉ាក Realme ពណ៌ ផ្ទៃមេឃ នៅក្នុងហោប៉ៅអាវខាងឆ្វេង ឃើញដូច្នោះជនសង្ស័យក៏ បើកម៉ូតូចូលទៅជិតជនរងគ្រោះហើយ ជនសង្ស័យអង្គុយខាងក្រោយក៏ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីហោប៉ៅអាវជនរងគ្រោះបានសម្រេចរួចបើកម៉ូតូគេចខ្លួនបាត់ ។
លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា៖លុះក្រោយពីជនសង្ស័យបានធ្វើសកម្មភាពនោះហើយ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែន សុខ លុះវេលាម៉ោង ០៣ និង ៣០ នាទីរសៀលថ្ងៃដដែលបានស្រាវជ្រាវក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា៖ជនសង្ស័យរងការចាប់ខ្លួនមានឈ្មោះ ១,ភិន ភក្តី ហៅ តូច ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ២-ឈ្មោះ សន ភ័ស្ស ហៅ ហុក ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភស្តុតាងចាប់យក ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពម៉ាកហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាក លេខ ភ្នំពេញ ១ IV ៩៦៦៧ ។ចំណែកជនរងគ្រោះមានឈ្មោះស៊ន ពិសិដ្ឋ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងពិដាន មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ២០២ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា(ឆក់ទូរស័ព្ទដៃ) ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ