កូន​ៗ​យក​កាំភ្លើង​ឪពុក​ទុក​ចោល​មក​លេង​!! មានអី​បាញ់​ត្រូវ​ប្អូន​ពៅ​របួសធ្ងន់

0

សៀមរាប ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ថា​មាន​ករណី​កុមា​រា​ម្នាក់ អាយុ ៤ ឆ្នាំ បាន​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​ខ្យល់ បណ្ដាល​អោយ​គ្រាប់​ចូល​ក្នុង​សួត នៅ​ភូមិ​ដំរី​កូន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

យោង​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប លោក​វរសេនីយ៍ទោ ឃី​ម ផល្លា អធិការ នគរបាល​ស្រុក​សូទ្រនិគម បាន​ដឹកនាំ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពពេល សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ទីតាំង​កើតហេតុ​។

យោង​តាម​ការ​រៀបរាប់​តាម​រយៈ​ទូរ​សព្ទ័​ដោយ​ឈ្មោះ សន ភិ​រុណ អាយុ ៣០ ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា : នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៨ និង​៣០​នាទី ព្រឹក នៅ​ចំណុច​ផ្ទះ​ចំការ ក្នុងភូមិ​ត្រពាំង​ផុង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ទុក​កាំភ្លើង​ខ្យល់​សម្រាប់​បាញ់​សត្វ​នៅ​ចំការ ហើយ​កាំ​ភ្លេ​ី​ង​ខ្យល់​នោះ​អស់​ហ្គា​ស​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ដូច្នេះ​ខ្លួន​ក៏​ទុក​ចោល​នៅ​ក្រោម​គ្រែ ។ រហូត​ដល់​ម្សិលមិញ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ខ្លួន​មានធុរៈ​មក​ផ្សារ​ដំ​ដែក ក៏​ទុក​កូន ០៤ នាក់​នៅផ្ទះ (​អាយុ ៤ ឆ្នាំ​, ៦ ឆ្នាំ​, ៨ ឆ្នាំ​, និង ១០ ឆ្នាំ​) ដល់​ម៉ោង ៨ និង​៣០​នាទី ព្រឹក មាន​បងប្អូន​ទូរ​សព្ទ័​ប្រាប់​ថា​កូន​ៗ​បាន​យក​កាំភ្លើង​លេង​បាញ់​ត្រូវ​កូនប្រុស​ពៅ ។ ក្រោយ​ទទួល​ដំណឹង ខ្លួន​ក៏​ប្រ​ញ៉ាប់​មក​ផ្ទះ​វិញ ទើប​ដឹង​ថា​កូន​ៗ​ពិតជា​បាន​យក​កាំភ្លើង​ខ្យល់​នោះ​លេង ហើយ​កូនប្រុស​ច្បង​ឈ្មោះ ភិ​រុណ ដា​រា អាយុ ១០ ឆ្នាំ ជា​អ្នក​បាញ់​ត្រូវ​ប្អូនប្រុស​ពៅ អាយុ ៤ ឆ្នាំ ។ ភ្លាម​ៗ​នោះ ខ្លួន និង​ក្រុម​គ្រួ​សារបាន​រៀបចំ​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​មិន​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ណា​ឡើយ ។ ហើយ​ក៏​បាន​យក​កាំភ្លើង​ខ្យល់​កែ​ច្នៃ​នោះ​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​គំនរ​សំរាម​ក្បែរ​ផ្ទះ​តែ​ម្ដង ។

ក្រុមការងារ​យើង​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ តែ​ក្រុម​គ្រួសារ​រង​គ្រោះ​មិន​បាន​នៅ​ទីនោះ​ទេ ដោយ​ជាប់​មើលថែ​កូនរង​របួស​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ហើយ​ឈ្មោះ សន ភិ​រុណ ត្រូវជា​ឪពុក​ជន​រង​គ្រោះ​បាន​អះអាង​ថា នឹង​មក​ជួប​សមត្ថកិច្ច​យើង​ធ្វើ​តាម​នីតិវិធី បន្ទាប់​ពី​កូន​ចេញពី​មន្ទីរពេទ្យ ។ ក្រោយ​ពី​មានការ​ធានា​ពី​សាច់ញាតិ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មានការ​ឯកភាព​ពី​លោកស្នងការ ទេ​ី​ប​សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​មុន​អនុញ្ញាត​ឲ្យ​ឪពុក​ក្មេង​រង​គ្រោះ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប