លម្អិត​!! ករណី​អគ្គី​ភ័យ​ឆាប់ឆេះ​បន្ទប់​ស្នាក់​នៅ​ជាន់​ទី​៣៤ នៅ​អគារ​ព្រី​ន​ស៍ ផ្លា​ហ្សា

0

ភ្នំពេញ​៖ រយៈពេល​ជាង​១​ម៉ោង​កន្លះ តាំងពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ រហូត​ដល់​ម៉ោង​១០​ជាង ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទើប​អាច​គ្រប់គ្រង គ្រោះ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ ដែល​បាន​ឆាបឆេះ​អគារ ព្រី​ន​ស៍ ផ្លា​ហ្សា ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​កត់​ស្លុត​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ស្នាក់​នៅ​ក្នុង​អគារ​ជាន់​ទី​៣៤​នេះ​តែ​ម្ដង​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ លោក​បាន​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍​មក​កាន់​លេខ Hotline របស់​លោក​ថា មាន​អគ្គិភ័យ​ឆាបឆេះ​អគារ ព្រី​ន​ស៍ ផ្លា​ហ្សា ដែល​ស្ថិត​នៅ​ជាន់​ទី​៣៤ ដោយនៅ​ក្នុង​អគារ​ខាងលើ​នេះ ជា​ប្រភេទ​អគារ​ខុន​ដូរ មាន​មនុស្ស​ស្នាក់​នៅ​ក្នុង​នោះ​។ ភ្លាម​ៗ​នោះ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជា​នៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​គោលដៅ​ទាំងអស់ ចេញ​រថយន្ត​ជួយ​សង្គ្រោះ​អន្តរាគមន៍ ដោយ​ក្នុង​នោះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​ជណ្តើរ​ប្រវែង ៥៤​ម៉ែត្រ​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន ក៏​បន្ត​បាន​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង ប៉ុន្ដែ​កម្លាំង​សមត្ថកិច្ច​របស់​លោក នៅ​បន្ដ​បាញ់​ពន្លត់​ឲ្យ​អស់​រងើកភ្លើង​ចៀសវាង​បង្ក​ផល​ប៉ះពាល់​ថែម​ទៀត​។ តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ឯក គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​របស់​យើង​បាន​ធ្វើការ​ជួយ​សង្គ្រោះ​មនុស្ស​ប្រុស​ស្រី ៣​នាក់​ដែល​បាន​ជាប់​គ្រាំ​នៅ​ក្នុង​បន្ទប់ ជាន់​ទី​៣៤ ដែល​ជាទី​តាំង​ឆាបឆេះ ព្រមទាំង​ខូចខាត​ទ្រព្យសម្បតិ្ត​ក្នុង​បន្ទប់​អស់ទាំង​ស្រុង​ផង​ដែរ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​របស់​លោក បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន ២១​គ្រឿង ដោយ​ក្នុង​នោះ​រួម​មាន រថយន្ត​ការិយាល័យ ចំនួន ១៥​គ្រឿង ប្រើប្រាស់​ទឺ​ក​អស់ ១​ឡាន​, រថយន្ត​ក្រសួងមហាផ្ទៃ ចំនួន ២​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​, រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន ២​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​, រថយន្ត​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឺ​ក​, រថយន្ត​សួន​កា​ណា​ឌី​យ៉ា ចំនួន ១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​, រថយន្ត​ទីក្រុង ន​រា ចំនួន ១​គ្រឿង ពុំ​បាន​ប្រើប្រាស់​ទឹក​។ ដោយសារ​តែ​នៅ​ទីតាំង​អគារ​ខាងលើ​នេះ មាន​ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ទឹក ក្នុង​មន្ត្រី​ជំនាញ​បាន​យក​សម្ភារៈ​របស់​ការិយាល័យ​អគ្គិភ័យ​យើង​ឡើង​តាម​ជណ្តើរ​ថ្មើរជើង​តាំងពី​ជាន់​ទី​១ រហូត​ដល់​ជាន់​ទី​៣៤ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​បាញ់​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ​។

យ៉ាងណា​ក៏​ដោយ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជាក់​ថា សម្ភារៈ​នៅ​ក្នុង​បន្ទប់​អគារ​លេខ ៣៤១៧ ត្រូវ​បាន​បំភ្លេច​បំផ្លាញ​អស់ទាំង​ស្រុង រឺ​ឯ ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ដោយពេល​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ