កំពង់ស្ពឺ ៖ កងកម្លាំងក្រុមកិច្ចការពិសេស(SDU)របស់ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការហ្វឹកហាត់បំប៉នជំនាញបាញ់គ្រាប់ពិតនៅលើទីលាន ដើម្បីអភិវឌ្ឍន៍ទាំងផ្នែកស្មារតី និងជំនាញយុទ្ធវិធីក្នុងការបាញ់ឲ្យចំគោលដៅ និងការពារខ្លួនពីសត្រូវ ដែលធ្វើឡើងនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
បើតាមលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាបានប្រាប់ឲ្យដឹងថា ដោយយមានការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យធ្វើការដឹកនាំកងកម្លាំងអន្តរាគមន៍ធ្វើការហ្វឹកហាត់បំប៉នជំនាញបាញ់គ្រាប់ពិតគោលបំណង ដើម្បីបង្កើនទាំងផ្នែកស្មារតី និងជំនាញ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម បានបន្ថែមឲ្យដឹងថា ការហ្វឹកហាត់ធ្វើឡើងដោយប្រើប្រាស់អាវុធវែងម៉ាក CZ-Scorpion និងអាវុធខ្លី CZ-P10C តាមរយ:កាយវិការបច្ចេកទេសផ្សេងៗ មានដូចជា កាយវិការចល័តដើរបាញ់ចំនួន៤គ្រាប់ កាយវិការចល័តដើរទៅមុខឈរបាញ់ខ្លួននិងក្បាល កាយវិការរត់ត្រឡប់ក្រោយមានរនាំងការពារបាញ់ខាងឆ្វេង និងខាងស្តាំ កាយវិការឈរត្រឡប់ក្រោយបែរបាញ់ក្បាលនិងបាញ់ខ្លួន ។
គួរបញ្ជាក់ថា សិក្ខាកាមដែលចូលរួមក្នុងការហ្វឹកហាត់ជំនាញបាញ់គ្រាប់ពិតចំនួន៤៥នាក់នេះ បានធ្វើការហ្វឹកហាត់នៅក្នុងស្នងការដ្ឋានរាជធានីភ្នំពេញ និងសុំទីតាំងសាលាដើម្បីបាញ់គ្រាប់ពិត មានការចូលរួមពីក្រុមគ្រូបង្វឹកចំនួន១០នាក់ ដែលបណ្តុះបណ្តាលនៅក្នុងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ