ពោធិ៍សាត់៖ ស្ត្រី០១នាក់ស្លាប់ និងបុរស០១នាក់ទៀត រងរបួសធ្ងន់ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូបើកបរស្របទិសគ្នា បត់ឆ្វេងមិនប្រយ័ត្ន ករណីនេះកើតឡើងនៅចំណុចផ្លូវបំបែកចូលកោះ ថាស នៅលើកំណាត់ផ្លូវលេខជាតិ៥៥ ស្ថិតនៅក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៥:៤៧ នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AG 3155 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនប្រុងប្រយ័ត្ន ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AQ 0332 ធ្វើដំណើរពីជើងទៅត្បូងស្របទិសគ្នា បានបុកចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យដួលបោក ទៅលើថ្នល់ រងរបួសធ្ងន់០២នាក់ ឃើហេតុដូចនេះប្រភពបានផ្តល់ព័ត៌មានជូនសមត្ថកិច្ចនគរបាល ដើម្បីជួយអន្តរាគមន៍ សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ គឹម វិចិត្រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរម៉ូតូពាក់ស្លាកលេខ បាត់ដំបង1AG 3155 មានឈ្មោះ មៀច ប៉េង ភេទប្រុស អាយុ ៧៣ឆ្នាំ មានមុខរបរកសិករ មិនមានរងរបួសទេ ចំពោះអ្នករួមដំណើរឈ្មោះ វូន សាអ៊ុន ភេទស្រីអាយុ៧១ឆ្នាំ មានមុខរបរកសិករ រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ អ្នកទាំងពីរមានទីលំនៅក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯអ្នកបើកបរម៉ូតូពាក់ស្លាកលេខភ្នំពេញ 1AQ 0332 មានឈ្មោះ ពៅ ហៀង ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបស់សិស្ស រស់នៅក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកអធិការរង បានបន្តថា កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺមូលហេតុ ការបើកបរ បត់ខ្វះការប្រុងប្រយ័ត្ន ចំពោះវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ចិញ្ចៀន ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ