បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ មានករណីបង្កហិង្សាដោយចេតនា ចំនួន០២ករណី ដោយជនបង្កបានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិន០២នាក់ឲ្យរងរបួស ដោយគ្មានមូលហេតុ ក្នុងនោះករណីទី១/- នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង១០និង៣១នាទីយប់ មានករណីហិង្សារបង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ…. ស្នាក់នៅ និង បំរើការងារក្នុង កាស៊ីណូ ហ្វូនិក កើតហេតុ នៅត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទុលមុខ ពេទ្យ នគររាជ ក្នុង ភូមិក្បាលស្ពាន ១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ចំលើកែងដៃខាងស្ដាំ និង លើដើមទ្រូង ។ ក្រោយពេលកើតហេតុរួចជនបង្ករបានគេចខ្លួនរត់បាត់ ។ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកនគររាជ ។
លោកអធិការបានបន្តទៀតថា ៖ ករណីទី២ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង១០និង៣២នាទីយប់ មានករណីហិង្សាកើតឡើងបន្តទៀត បង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស) បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ…. ស្នាក់នៅនិងបំរើការងារក្នុង សណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ – ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស លើស្មាផ្នែកខាងស្ដាំ។ ក្រោយពេលបង្កហេតុរួច ជនបង្កបានគេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ សៅ សារឿន បានបញ្ជាក់ឲ្យដឹងទៀតថា ៖ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងជំនាញ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងពិនិត្យកាំម៉េរ៉ាសុវត្ថិភាពនិងឈានដល់កំណត់បានមុខសញ្ញា លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទីយប់ កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត មាន ៖ ១/-ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ។ ២/-ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត បានដកហូតបានដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៌ស-ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ1P-9446 ដែលជិះធ្វើសកម្មភាព ។
លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ៖ ឆ្លងតាមការសាកសួរចម្លើយ ជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិននោះពិតប្រាកដមែន ដោយសារតែគេខឹងនឹងសង្សារគេបែកចិត្តមានថ្មី(ខ្មែរដូចគ្នា) ទើបធ្វើឲ្យគេមួរម៉ៅក៏កាប់ជនជាតិចិនដែលកំពុងដើរនោះទៅ។ បច្ចប្បន្នកម្លាំងជំនាញ កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ