បុរស​ម្នាក់​ដេក​ស្តូក​ក្រោម​រថយន្ត ក្រោយ​ត្រូវ​រថយន្ត​បុក​ពេល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ

0

ពោធិ៍សាត់​៖ កាលពី​ថ្ងៃ​ទី​៨​ខែមិថុនា​ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​១០​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​IZUSU​បើក​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងថ្នល់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ គីឡូម៉ែត្រ​២០៨-២០៩​នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​បាកាន​ស្ថិត​នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​។

យោង​តាម​របាយការណ៍ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​មាន​ម៉ាក IZUSU (១​តោន​កន្លះ​) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ- 9516 អ្នកបើកបរ​ឈ្មោះ សែ​ស សុ​ផា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ ព្រែ​ធាតុ ឃុំ​លាយ​បូរ ស្រុក ត្រាំកក់ ខេត្តតាកែវ បាន​បើកបរ​រថយន្ត​ពី​ទិស​ខាងកើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេរី​ឆ្នាំ​2018 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​1H-3680 បើកបរ​ដោយ​ឈ្មោះ អ៊ោ​ក ប៊ុ​ន​ធឿ​ន ភេទ ប្រុស​អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​រូង ឃុំ​បឹង​ខ្នារ​ស្រុក​បាកាន ខេត្តពោធិ៍សាត់​បាន​ឆ្លងថ្នល់​ពី​ត្បូង​មក​ជើង​យ៉ាង​ពេញទំហឹង ដួល កៀប​ម៉ូតូ​ក្រោម​រថយន្ត​បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាកាន​។ របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​មក​ពី​កត្តា​ល្បឿន​និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្នារ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ