សៀមរាប៖ យោងតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់គណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបើកការស៊ើបអង្កេត ស្រាវជ្រាវ និងសហការជាមួយអង្គភាពពាក់ព័ន្ធលើករណីផ្ទុះគ្រាប់បែកច្នៃ កាលពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ ២០២២ វេលាម៉ោង១៩និង៣០នាទី ។
ក្រោយទទួលសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវនៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា ចម្ងាយប្រហែល ១៥ ម៉ែត្រក្នុងភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ។
ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេល ០៣ថ្ងៃ កម្លាំងអធិការក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទើបនៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីបទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ ។
ជនសង្ស័យទាំង០២នាក់មានឈ្មោះ ១. ឈ្មោះសេង សុកន ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅប្រទេសថៃ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុងសៀមរាបខេត្តសៀមរាប ២. ឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ត្រីស្នងការ បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងកំណត់បានមុខសញ្ញាជនសង្ស័យ ទើបនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះសេង សុកន យកមកសួរនាំ។ ក្រោយពេលសួរនាំជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះរ៉ន ដារ៉ុង ហៅហ៊ីង ប្រាប់ខ្លួនថាមានគេវាយនៅសួនបឹងកាឡូ ហើយជនសង្ស័យឈ្មោះ សេង សុកន ប្រាប់ទៅឈ្មោះរ៉ន ដារ៉ុង ហៅ ហ៊ីង ថាខ្លួនចេះផលិតរំសេវផ្ទុះពេលដែលខ្លួននៅប្រទេសថៃ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅហ៊ីង បានឲ្យលុយខ្លួនចំនួន ២៥០០០៛ ទៅទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ ពេលបានប្រាក់ហើយជនសង្ស័យក៏បានទៅទិញផាវគ្រាប់បាល់ចំនួន ៥០គ្រាប់ ហើយយកមកផលិតជាមួយនឹងឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឲ្យណែន ហើយផលិតបានចំនួន ០៥ គ្រាប់ ។ បន្ទាប់មកឈ្មោះ រ៉ន ដារ៉ុង ហៅ ហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយគេនោះអង្គុយលេង។
លុះដល់ថ្ងៃកើតហេតុជនសង្ស័យឈ្មោះសេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលអោយផ្ទុះ រួចបើកម៉ូតូរត់គេចខ្លួន ដោយសកម្មភាពនេះខ្លួនធ្វើតែម្នាក់ឯង។
រីឯជនសង្ស័យឈ្មោះ រាន់ ដារ៉ុង បានឆ្លើយសារភាពថា នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២២ វេលាម៉ោងប្រហែល២០:០០នាទីរូបខ្លួននិងមិត្តភក្កិបានជិះម៉ូតូទៅលេងសួនបឹងគីឡូក៏មានអ្នកជិះម៉ូតូមកជិតខ្លួនហើយវាយខ្លួនមួយខ្សែក្រវ៉ាត់ចំខ្នង ហើយខ្លួនបានប្រាប់រឿងហេតុនេះទៅឈ្មោះ សេង សុកន ថាខ្លួនត្រូវបានគេវាយហើយឈ្មោះ សេង សុកន ក៏បានប្រាប់ខ្លួនថាចេះធ្វើគ្រាប់រំសេវបំផ្ទុះ រួចខ្លួនក៏បានហុចលុយចំនួន ២៥០០០៛ទៅឈ្មោះសេង សុកន ដើម្បីទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ ។ ក្រោយពីបានផលិតចំនួន ០៥ គ្រាប់ហើយនោះ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខ្លួនបានជិះកាត់កន្លែងកើតហេតុក៏ឃើញមនុស្សប្រុសដែលវាយខ្លួននៅសួនបឹងគីឡូហើយខ្លួនក៏បានទៅប្រាប់ឈ្មោះសេង សុកន ហើយដឹកគ្នាមកមើលទីតាំងដែលត្រូវបោកគ្រាប់រំសេវ។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០:០០នាទី ជនសង្ស័យឈ្មោះសេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំងដែលខ្លួនបានប្រាប់រួចហើយ។ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ០៤គ្រាប់ដែលនៅសល់យកមកហែកបោះចោលតាមផ្លូវ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួន និងដកហូតបានម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។
ដើម្បីជាការលើកទឹកចិត្តដល់កម្លាំង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានឲ្យលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត នាំយកថវិកាចំនួន ១លានរៀលប្រគល់ជូនអធិការក្រុងសៀមរាប ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ