ចាប់​បាន​ទាំង​ក្រុម​ចោរឆក់ និង​អ្នក​ទទួលផល​ចោរកម្ម

0

បន្ទាយ​មាន​ជ័យ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បង្ក្រាប​មុខសញ្ញា​ឆក់​ទូរស័ព្ទ​យ៉ាង​សកម្ម នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​បាន​០៧​នាក់ (​ស្រី​០១​នាក់​)​ជា​បន្តបន្ទាប់ និង​អ្នក​ទទួល​ទិញ​ផល​ចោរ​កម្ម ២​នាក់ (​ស្រី​០១​នាក់​) បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា នៅ​យប់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​២៤​និង​៤០ នាទី ឈាន​ចូល ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២២ មានមុខ​សញ្ញា​ជនសង្ស័យ​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង បាន​ឆក់​យក​ទូរ​សព្ទ​ដៃ​របស់​អ្នកដំណើរ ម៉ាក IPhone12pro Max ពណ៌​ទឹកសមុទ្រ ខណៈ​ជន​រង​គ្រោះ​ឈ្មោះ ហូ​បាង​ថា​ញ់ (HO BANG THANH) ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​បុរី​ដួង​ច័ន្ទ ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជិះ​ផា​ស្អាប់​ចេញពី​បុរី​ដួង​ច័ន្ទ ទៅ​ខារ៉ាអូខេ​អេ​ហ្វ​ផា្ល​ស បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​រង​របួស​បែក​មុខ​(​ដេរ​ជា​ច្រើន​ថ្នេរ​) ។

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ចុះ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​ឈាន​ដល់​ការ​នាំ​ខ្លួន​ឈ្មោះ សឿ​ន ពិសី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​មិត្តភាព សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម មក​សួរនាំ​ដកហូត​ទូរស័ព្ទ​បាន​២​គ្រឿង​របស់​ជន​រង​គ្រោះ​ប្រគល់​ជូន​ម្ចាស់​វិញ ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​សួរនាំ​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម កម្លាំង​ផ្នែក​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់​ចំនួន​០៨​នាក់​ទៀត ។ ក្នុង​នោះ​បាន​ដកហូត​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​៤​គ្រឿងក្នុង​នោះ​c125 ពណ៌​ខ្មៅ​២​គ្រឿង អឹ​ម​ស្លះ​១​គ្រឿង និង​MSX​មួយ​គ្រឿង កាំបិត​ចំនួន​៥​ដើម សា​ម៉ូ​រ៉ៃ ៣​ដើម និង​កាំបិត​ខ្វែវ ២​ដើម ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ទៀត​ថា​៖ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ម៉ូតូ​០៤​គ្រឿង ជិះ​ធ្វើ​សកម្មភាព និង​កាំបិត​ចំនួន​០៥​ដើម កម្លាំង​ផ្នែក​ជំនាញ រៀបចំ​ណុំ​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ដោយឡែក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ