បាត់ដំបង ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង១៣នាទី ត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (បញ្ចាំម៉ូតូ) ១ករណី។ សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ២នាក់៖ ១.ឈ្មោះ ប៉េ សីហា (ហៅ ខ្វាក់) ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាតរតនៈ ក្រុងខេត្តបាត់ដំបង (អ្នកយកម៉ូតូទៅបញ្ចាំ) និង២.ឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (អ្នកទទួលម៉ូតូបញ្ចាំ)។ ជាលទ្ធផលវត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ៦គ្រឿង និងម៉ូតូម៉ាកហុងដាស្កុបពី ចំនួន ៣គ្រឿង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១៥និង៣០នាទី ត្រង់ចំណុចភូមិរំចេក៤សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ ប៉េ សីហា បានខ្ចីម៉ូត ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង ទៅញ៉ាំអីតែពេលខ្ចីម៉ូតូបានហើយក៏យកទៅបញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន ដោយគ្មានឯកសារអ្វីទាំងអស់។ ដោយឃើញសកម្មភាពរបស់ជនសង្ស័យបែបនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួចនាំទៅដល់កន្លែងទទួលបញ្ចាំឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន ៩គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ រីឯម៉ូតូជនងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ