ផឹកស្រា​ស្រវឹង​បង្ក​ជា​ជម្លោះ រហូត​ប្រើ​ខ្នងពូថៅ​វាយ​ជន​រង​គ្រោះ

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​២០​នាទី ត្រង់​ចំណុច​ក្រុម​ទី​០៧ ភូមិ​តា​ហែ​ន​១ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ១​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហឿ​ន ជាតិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ហែ​ន​១ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​យក​ខ្នងពូថៅ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ត សុ​ភុ​ន​វាសនា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​តា​ហែ​ន​១ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង បណ្តាល​អោយរ​ងរ​បួស​ភ្នែក​ខាងឆ្វេង​ចេញ​ឈាម​។

ករណី​នេះ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​ជា​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហឿ​ន ជាតិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ហែ​ន​១ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ខ្នងពូថៅ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​រហូត​មាន​របួស​ពិតប្រាកដ​មែន ក្រោម​មូលហេតុ​ផឹកស្រា​ស្រវឹង​មាន​ជម្លោះ​ជាមួយ​គ្នា​។

បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​កំពុង​កសាង​សំណុំ​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ