ប្រទះ​ឃើញ​វត្ថុ​បុរាណ​នៅ វត្ត​សុវណ្ណ​ភូមិ ក្នុងស្រុក​មោងឫស្សី

0

បាត់ដំបង៖ ក្រុមការងារ​ជំនាញ​មក​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបាត់ដំបង ដែល​ដឹកនាំ​ដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​៣​រោច ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែឧសភា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចុះ​ពិនិត្យ ការ​រក​ឃើញ​វត្ថុ​បុរាណ​មួយ​ចំនួន នៅ​ក្នុង​វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី ដែល​ត្រូវ​បាន​ប្រទះ​ឃើញ ក្នុងអំឡុងពេល​ដែល​វត្ត​សុវណ្ណ​ភូមិ ហៅ​វត្ត​តា​លាស់​ថ្មី បាន​ធ្វើការ​រុះរើ​ព្រះ​វិហារ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ដើម្បី​សាងសង់​ព្រះ​វិហារ​ថ្មី ក៏​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន​នៅ​តាម​រណ្ដៅ​សីមា​ចាស់​តែ​ម្ដង ។

បើ​តាម​ការ​បញ្ជាក់​ជាបឋម ពី​លោក​អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បានឱ្យ​ដឹង​ថា វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ពេល​នេះ រួម​មាន​៖ បំណែក​កុលា​ភាជន៍ ចំនួន​២០​បំណែក (​ធ្វើ​ពី​ដី​ដុត​), បំណែក​ជើងពាន ចំនួន​១៥​បំណែក (​ស្ពាន់​១២ សំ​រិ​ន្ធ​៣), កាក់​សៀម ចំនួន​១៣​កាក់ (​ស្ពាន់​), កាក់​ឥណ្ឌូចិន ចំនួន​៣៣​កាក់​(​ប្រាក់​), ដន្លាប់​តូច ចំនួន​១(​ប្រាក់​), ក្រវិល​មួយ​ចំហៀង (​ស្ពាន់​), ចិញ្ចៀន ចំនួន​១​វង់​(​ស្ពាន់​), ប្រាក់​ឌួ​ង ១​ចំហៀង (​ប្រាក់​), កណ្ដឹង ចំនួន​២ (​ស្ពាន់​លាយ​), បំណែក​ដែក (​ប្រហែល​ដង​ដាវ​) ចំនួន​១​ដុំ​(​ដែក​), កាក់​ប្រាក់​រូប​មាន់ ចំនួន ៣,៥៩០​កាក់ (​ប្រាក់​), និង ហិប​ប្រាក់ ចំនួន​១​សន្លឹក​(​ប្រាក់​) ចំនួន​១​បន្ទះ ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ឯកភាព​ពី​លោកគ្រូ​ចៅអធិការ អាចារ្យ គណៈកម្មការ និង​ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​នា​ពេល​នេះ គឺ​នឹង​ប្រគល់​ភារកិច្ច​ទៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដោយ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​វត្ត​សុវណ្ណ​ភូមិ ដើម្បី​ថែរក្សា​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នា​ពេល​នេះ ដើម្បី​ថែរក្សា​ចុះបញ្ជី​ទុក​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​ជាតិ និង​រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្តបាត់ដំបង ។ ក្រោយ​ពេល​ដែល​ក្រុមការងារ​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ និង​របាយការណ៍​អំពី​វត្ថុ​បុរាណ​នេះ​ច្បាស់លាស់ ទើប​បញ្ជូន​ទៅ​សារមន្ទីរ​ខេត្ត ហើយនឹង​រៀបចំ​កម្លាំង​ការពារ​វត្ថុ​បុរាណ​ដែល​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​វត្ត​តា​លាស់​ថ្មី​នេះ​៕

ប្រភព​៖ ក្រសួង​ព័ត៌មាន