កណ្តាល៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលស្រុកលើកដែក កំពុងស្វែងរាវរកក្មេងសិស្សសាលា២នាក់ បានបាត់ខ្លួនដោយសារបាក់ស្រុតច្រាំងទន្លេ ដែលជាទីតាំងបូបខ្សាច់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល កាលពីវេលាម៉ោង១៦និង១២នាទី ។
យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលស្រុកលើកដែក បានឲ្យដឹងថា ក្មេងរងគ្រោះមានគ្នា២នាក់៖ ទី១-ឈ្មោះ វណ្ណៈ ស៊ីមាន ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅ ភូមិព្រែកតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក។ ទី២-ឈ្មោះ ប៊ុនធឿន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក។
តាមប្រភពដដែលបន្តថា នៅមុនកើតហេតុ ខណៈដល់ម៉ោងចេញពីសាលារៀនវិញ ក្មេងស្រីរងគ្រោះទាំង២ នាក់បាននាំគ្នាមកលេងមាត់ច្រាំងទន្លេ ដែលជាទីតាំងបូមខ្សាច់ តែជាអកុសលច្រាំងទន្លេនោះក៏បាក់ស្រុតធ្វើឲ្យក្មេងស្រីទាំង២នាក់ បាត់ខ្លួនទៅតាមដីចូលទន្លេតែម្ដង។
ភ្លាមៗនោះក៏បង្កឲ្យមានការផ្អើលបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងរាវរកក្មេងស្រីរងគ្រោះទាំង២ នាក់ខាងលើ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ