ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវ​ដល់​កងកម្លាំង ឲ្យ​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ

0

ភ្នំពេញ​៖ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​អំពាវនាវ​ឱ្យ​នគរបាល​សន្តិសុខ​ផ្ទៃក្នុង និង​នគរបាល​អនុវត្ត​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ គប្បី​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ក៏​ដូច​ជា​យន្តការ​កំណែទម្រង់​នគរបាល​ជាតិ និង​ការ​កសាង​កម្លាំង​ក្រសួងមហាផ្ទៃ ឲ្យ​កាន់តែ​ល្អ​ប្រសើ​បន្ថែម​ទៀត​។

នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក និង​បំប៉ន​ជំនាញ​សន្តិសុខ​ផ្ទៃក្នុង​នៅ​សាលា​នគរបាល​មិត្តភាព​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា នេះ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​កងកម្លាំង​បម្រើ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រទេស​ជាតិ​ទាំងមូល ត្រូវធ្វើ​អ្វី​គោរព​ទៅ​តាម​វិន័យ និង​វិជ្ជាជីវៈ​របស់​ខ្លួន ដូច​អ្វី​ដែល​ស្រប​ទៅ​តាម​ការ​កែទម្រង់​របស់​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក បាន​បញ្ជាក់​ថា ការ​ដែល​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ បាន​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នានា​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ គឺ​ដើម្បី​បង្កើន​ជំនាញ សមត្ថភាព និង​វិជ្ជាជីវៈ ក្នុង​កិច្ច​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​។ វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​ឲ្យ​យល់​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នូវ​មូលដ្ឋាន​ច្បាប់​របស់​កងកម្លាំង​នគរបាល​ផង​ដែរ​។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​នា​ពេល​កន្លង​មក ដែល​បាន​ខិតខំ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​ផង​ដែរ ជា​ពិសេស​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ខិតខំ​យ៉ាង​ខ្លាំង​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ទប់ស្កាត់​ការ​រីក​រាលដាល នៃ​មេរោគ​កូ​វី​ដ​-១៩ ទទួល​បាន​ជោគជ័យ តាំងពី​ចាប់ផ្តើម​បិទ​ប្រទេស រហូត​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​។

នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក និង​បំប៉ន​ជំនាញ​សន្តិសុខ​ផ្ទៃ​នោះ​ដែរ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏​បាន​ផ្តល់​បទ​ពិសោធន៍​ការងារ​មួយ​ចំនួន​ដល់​សិក្ខាកាម ដែល​បាន​បញ្ចប់​ការ​សិក្សា​នា​ពេល​នេះ ទាក់ទង​នឹង​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ កិច្ច​ការងារ​ស្រាវជ្រាវ និង​ស៊ើបអង្កេត និង​កិច្ច​ការងារ​ជា​ច្រើន​ទៀត ដែល​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ បាន​ប្រគល់​ជូន​៕

ប្រភព៖ ក្រសួងព័ត៌មាន