គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និងកំពង់​ផែ​ពហុ​បំណង ចំណាយថវិកា​ប្រមាណ ១៥០០ លាន​ដុល្លារ​អា​មេ​រិ​ក

0

កំពត​៖ នា​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២២ ឯកឧត្ដម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន អញ្ជើញ អមដំណើរ​ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​របស់​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត នៅ​ភូ​មិច​ង្ហោ​ន សង្កាត់ ព្រែក ត្នោត ក្រុង​បូកគោ ខេត្តកំពត​។

កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោក​ជំទាវ សមាជិក សមាជិកា នៃ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោក​ឧកញ៉ា ប្រធាន​ក្រុមហ៊ុន​កំពត ឡូ​ជី​ស្ទីក អេ​ន ផត និង​តំណាង​មក​ពី​វិស័យ​ឯកជន​ទាំងអស់ ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ​។

ថ្លែង​ក្នុង​របាយការណ៍​ស្វាគមន៍​គោរព​ជូន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​អង្គពិធី​ទាំងមូល ឯកឧត្តម​ទេស រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​តួនាទី​យ៉ាង​សំខាន់​នៃ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​កំពត ក្នុង​ការ​លើកដាក់ ផ្ទេរ ទំនិញ​ចេញ​-​ចូល ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​នឹង​នាំ​មក​នូវ​ភាព​ងាយស្រួល និង​ប្រសិទ្ធភាព​ខ្ពស់ ដល់​ពាណិជ្ជករ និង​អ្នក​វិនិយោគ នៅ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ឧស្សាហកម្ម និង​នេសាទ ទៅ​លក់​នៅ​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​ពិភពលោក ក៏​ដូច​ជា​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ភស្តុ​ភា​កម្ម និង​កំពង់​ផែ​នៅ​កម្ពុជា សំដៅ​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​កំណើនសេដ្ឋកិច្ច​តាម​ការ​រំពឹង​ទុក​។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ថា គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ ពហុ​បំណង​កំពត នឹង​ក្លាយជា​កំពង់​ផែ​ទឹក​ជ្រៅ និង​ធំ​មួយទៀត​នៅ​កម្ពុជា និង​ដ៏​ទំនើប​លំដាប់​អន្តរជាតិ​នៅ​ក្នុង​តំបន់​អាស៊ាន​។

គម្រោង​នេះ​នឹង​ជួយ​បំពេញបន្ថែម​ទៅ​លើ​កំពង់​ផែ​ដែល​មាន​ស្រាប់​ដូច​ជា កំពង់ ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ និង​ជួយ​ជំរុញ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​បាន​ដាក់ចុះ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។ ជាង​នេះ​ទៅ​ទៀត គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ផង​ដែរ​ក្នុង​ការ​ជួយ​អនុវត្ត​ឱ្យ​សម្រេច​ជោគជ័យ​នូវ​ផែនការមេ​ស្តី​ពី​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុ​មធ្យោបាយ​និង ភស្តុ​ភារ​កម្ម និង​ជួយ​បំពេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផង​ដែរ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បន្ថែម​ថា ក្រសួង​មាន​ផែនការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ ផ្លូវជាតិ​លេខ​៤១ នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​នឹង​មាន​អំណោយផល​ល្អ ក្នុង​កា​រត​ភ្ជាប់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​កំពត ជាមួយ​តំបន់​ផ្សេង​ៗ​នៅ​ទូ​ទាំង ប្រទេស និង​ជាមួយ​ប្រទេស​ជិតខាង​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​កំពត​ឡូ​ជី ស្ទីក អេ​ន ផត ដែល​បាន​បោះទុន​ដ៏​ច្រើន​វិនិយោគ​លើ​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង​កំពត ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) និង​ក្រុមហ៊ុន​សំណង់​ផ្សេង​ៗ​ទៀត ព្រមទាំង​អាជ្ញាធរ ដែនដី​ខេត្តកំពត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ពេល ចុះ​សិក្សា និង​សម្របសម្រួល​ឱ្យ​គម្រោង​នេះ​មានដំណើរ​ការ​ឈាន​មក​ដល់​ការ​ប្រារព្ធ​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​នា​ពេល​នេះ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ មាន​មតិ​សំណេះសំណាល​ទៅ​កាន់​អង្គពិធី​នា​ឱកាស​នោះ ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​កែទម្រង់​ដ៏​មុត​ស្រួច​ដែល​បាន​ដាក់​ចេញ តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធ សាស្ត្រ ចតុកោណ​គ្រប់​ដំណាក់កាល និង​ឆន្ទៈ​ដ៏​មោះមុត​លើ​ការ​បន្ត​កំណែទម្រង់​ស៊ីជម្រៅ បាន​នាំ កម្ពុជា​ទទួល​បានការ​រីក​ចម្រើន​គ្រប់​វិស័យ​។

សូម​ជម្រាប​ជូន​ថា ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​លម្អិត គម្រោង​វិនិយោគ​នេះ​ឋិត​ទីតាំង​ដែល​មាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ មាន​សក្តានុពល​ខ្ពស់​សម្រាប់​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម និង​កំពង់​ផែ​ពហុ​បំណង ដោយ​មាន​កត្តា​អំណោយផល​ពី​ធម្មជាតិ​រួម​មាន​៖ ជា​តំបន់​សមុទ្រ​ទឹក​ជ្រៅ និង​ជា​តំបន់​ពុំ​សូវ​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ធម្មជាតិ ដោយ​មាន​របាំង​ការពារ​ព្យុះ រលក ពី​កោះ​ថ្មី កោះសេះ និង​កោះត្រល់ ជា​ពិសេស ក្រុមហ៊ុន​ក៏​បាន​សាងសង់​ឃ្ល​ង​នាវាចរណ៍​រួច​ជា​ស្រេច​ផង​ដែរ​។

មិនតែប៉ុណ្ណោះ ទីតាំង​គម្រោង​នេះ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​មាន​អំណោយផល​ក្នុង​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវដែក មក​កាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា តាម​រយៈ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវជាតិ​លេខ​៤៨ និង​ត​ភ្ជាប់​ផ្លូវដែក​ភាគ​ខាងត្បូង ទៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។

គម្រោង​វិនិយោគ​នេះ មាន​ផែនការ​អនុវត្ត​ជា​៣​ដំណាក់កាល ជាមួយនឹង​ដើមទុន​វិនិយោគ​សរុប​ប្រមាណ ១៥០០ លាន​ដុល្លារ​អា​មេ​រិ​ក ដែល​នៅ​ក្នុង​ផែនការ​ដំណាក់កាល​ទី​១ គឺ​មាន​ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

គម្រោង​នេះ​នឹង​រួម​មាន​៖ ទីលាន​កុងតឺន័រ តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​ពាណិជ្ជកម្ម​សេរី ម​ជ្ឍ​មណ្ឌល ភស្តុ​ភារ​កម្ម ឃ្លាំង​ស្តុក​ទំនិញ​គ្រប់​ប្រភេទ ឃ្លាំង​ភណ្ឌាគារ​គយ រោងចក្រ​ផលិត និង​ចែកចាយ រោងចក្រ​ចម្រាញ់​ប្រេងឥន្ធនៈ និង​មជ្ឈមណ្ឌល​ប្រេងឥន្ធនៈ តំបន់​លំនៅ​ឋាន និង​ចំណត​នាវា​ដឹក​អ្នកដំណើរ​ទេស ចរណ៍ ព្រមទាំង​ចំណត​នាវា​ប្រភេទ​ជា​សា​ឡង់ ដែល​ភ្ជាប់​ការ​ដឹក​ជញ្ជូន​ជាមួយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​ករណី​រាជរដ្ឋាភិបាល​អភិវឌ្ឍ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់​។

ចំពោះ​ទីតាំង​កំពង់​ផែ​ពហុ​បំណង​មាន​ជម្រៅ​ទឹក​ប្រមាណ​១៥​ម៉ែត្រ និង​អាច​ឱ្យ​នាវា​ចំណុះ​១០០.០០០ តោន អាច​ចូល​ចត​បាន និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​លើកដាក់​ទំនិញ​ចេញ​-​ចូល បាន​ចំនួន​ប្រមាណ ៣០០.០០០ TEU នៅ​ក្នុង​ឆ្នាំ​២០២៥ និង​ប្រមាណ ៦០០.០០០ TEU នៅ​ក្នុង​ឆ្នាំ​២០៣០៕

ប្រភព៖ ក្រសួងព័ត៌មាន