ភ្នំពេញ៖ អង្គភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះនៅក្នុងសម័យសង្គ្រាម ប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថា ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅ ទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។
យោងតាមឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានឱ្យដឹងលើបណ្តាញសង្គមថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោស សម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅ ពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់ មុខព្រះបរមរាជវាំង។
ឯកឧត្តមនាយកស៊ីម៉ាក់បញ្ជាក់ថា «គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានថាមពល បង្កគ្រោះថ្នាក់ខ្ពស់ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។ តាមទិន្នន័យព័ត៌មាន មានគ្រាប់បែកប្រភេទAN-M66 នេះ ចំនួន១១គ្រាប់ ក្នុងចំណោមគ្រាប់ រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា»។
ជាមួយគ្នានេះ ឯកឧត្តមនាយកស៊ីម៉ាក់ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំង អង្គភាពស៊ីម៉ាក់ ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញ ទៅរក កន្លែងសុវត្ថិភាព ដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ធ្វើការដោះបន្សាប ធានាសុខសុវត្ថិភាព ជូនសង្គមជាតិយើង៕
ប្រភព៖ ក្រសួងព័ត៌មាន