គ្រាន់តែ​ត្រីមាស​ទី​១ ឆ្នាំ​២០២២!! កម្ពុជា​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ បាន​ចំណូល ៩៩​លាន​ដុល្លារ

0

ភ្នំពេញ​៖ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ចម្ការ​កៅស៊ូ ចេញផ្សាយ​នៅ​ថ្ងៃ​២​រោច ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៨ ខែមេសា ឆ្នាំ​២០២២ បាន​បញ្ជាក់​ថា ចំណូល​សរុប​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ការ​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​ចំនួន ៩៩ ១៤៦ ៩៧០​ដុល្លារ​អាម៉េរិក ក្នុង​នោះ​ចំណូល​ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ​ចំនួន ៩៨ ៥៦០ ២៧០​ដុល្លារ​អាម៉េរិក និង​ចំណូល​ពី​ការ​នាំ​ចេញ​ឈើ​កៅស៊ូ ចំនួន ៥៨៦ ៧០០​ដុល្លារ​អាម៉េរិក​។

ចំពោះ​បរិមាណ​នៃ​ការ​នាំ​ចេញ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ ចំនួន ៦១ ៨៣៩​តោន កើនឡើង​ចំនួន​៧៨៣​តោន ស្មើនឹង​១​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​មក​។ រីឯ​ការ​នាំ​ចេញ​ឈើ​កៅស៊ូ​វិញ សម្រេច​បាន​ចំនួន ៨៣៦​ម៉ែត្រគុប កើនឡើង ៣,៤៧​ភាគរយ​។ សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​ជា​មធ្យម គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ថ្លៃ ១ ៥៩៤​ដុល្លារ​អ​ម៉េ​រិ​ក ក្នុង​មួយ​តោន បាន​ថយ​ចុះ​ចំនួន ៤២​ដុល្លារ​អាម៉េរិក ក្នុង​មួយ​តោន ស្មើនឹង ០,៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​មក​។

គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ផ្ទៃដី​ដាំ​កៅស៊ូ សរុប​មាន​ចំនួន ៤០៤ ០៤៤​ហិ​កតា ក្នុង​នោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១០ ១៩៣​ហិ​កតា ស្មើនឹង​៧៧​ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១​ហិ​កតា ស្មើនឹង​២៣​ភាគរយ​។ កាលពី​ឆ្នាំ​២០២១ កម្ពុជា​រក​ចំណូល​បាន​ជាង ៦១១ លាន​ដុល្លារ​អាម៉េរិក ពី​ការ​នាំ​ចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ ។ ក្នុង​នោះ​នាំ​ចេញ​ជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០​តោន និង​នាំ​ចេញ​ឈើ​កៅស៊ូ​ចំនួន ៤៥៤​ម៉ែត្រគុប ៕

ប្រភព៖ ក្រសួងព័ត៌មាន