ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាបានឆ្លើយតបទៅ នឹងអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែមេសាឆ្នាំ ២០២២ថា ការព្រួយបារម្ភមានការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ យើងគួរពិនិត្យ មើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការ សម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរក្នុងការ អនុវត្តន៍ការការពារការចម្លងកូវីដ-១៩។
លោកជំទាវបន្តថា យើងមិន ទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ដែលត្រូវរង់ចាំ និងបន្តពិនិត្យមើលក្រែងមានស្ថាន ភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។
លោកជំទាវបញ្ជាក់ថា ការ ទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។
លោកជំទាវបន្ថែមថា បើលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណ: ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែ នាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ បើមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន។
សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍បានទាន់ ពេលវេលា។ សូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នាដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅដែលក្រុមគ្រូ ពេទ្យនៅបន្តចាក់ជារៀងរាល់ ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហ គ្រាស ទីផ្សារ និងសាលារៀន ។ សូមជូនពរបងប្អូនប្រជា ពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ- ១៩ ទាំងអស់គ្នា៕
ប្រភព៖ ក្រសួងព័ត៌មាន